កោះកុង៖ វឌ្ឍនភាពព្រលានយន្តហោះតារាសាគរ បានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយមិនមានការពន្យារពេលទៀតនោះទេ ក្រុមហ៊ុនកំណត់ការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣។ បើតាមការបញ្ជាក់របស់ លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក»របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុងពន្លឿនបញ្ចប់ដំណើរការសាងសង់ និងបំពេញនីតិវិធីសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាន់ការប្រកបអាជីវកម្មអាកាសចរណ៍។ បើតាមការបន្តរបស់ លោក ស្រី មិថុនា ភូថង បានបន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងឱ្យដឹងថា ក្រៅពីព្រលានយន្តហោះតារាសាគរនេះ ខេត្តកោះកុង ក៏ត្រៀមទទួលនូវព្រលានយន្តហោះថ្មីមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុន LYP និងក្រុមហ៊ុន Thai Airline ស្ថិតនៅឃុំទួលគគី មានព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុង ។
លោក បានបញ្ជាក់ថា នៅពេលព្រលានយន្តហោះទាំងពីរនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានថ្លែងប្រាប់ប្រាប់សារព័ត៌ក្នុងស្រុកថា ដើម្បីបើកដំណើរការអាកាសយានដ្ឋានមួយបាន ត្រូវបំពេញនិតិវិធីជាច្រើន ដូចជា៖ ក្រោយបញ្ចប់ការងារសាងសង់ក្រុមហ៊ុនត្រូវដាក់សំណើស្នើសុំវិញ្ញាបណ្ណបត្រអាកាសយានដ្ឋាន ដោយឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញរបស់អាកាសចរស៊ីវិលទៅលើស្តង់ដារនៃការសាងសង់ បច្ចេកទេស ក្នុងការដំឡើងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រព័ន្ធនិងសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបណ្តុះបណ្តាលបុគ្គលិក ។ល។ ឱ្យស្របទៅតាមច្បាប់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដែលបានកំណត់ មុននឹងឈានទៅដល់ការដាក់ដំណើរការអាកាសយានដ្ឋានបាន។
លោក បានថ្លែងបន្តថា ដំណើរការនេះទាមទារឱ្យប្រើប្រាស់ពេលវេលាធ្វើការ និងសហការយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនសាងសង់ ដោយពិនិត្យទៅលើលក្ខណៈបច្ចេកទេសនានា ឱ្យស្របទៅតាមច្បាប់អាកាសចរស៊ីវិលអន្តរជាតិ ដែលជាទូទៅការងារនេះត្រូវការពេលវេលាយ៉ាងតិច ៣ ទៅ៦ខែ សម្រាប់ដំណើរស្នើសុំវិញ្ញាបណ្ណបត្រដំណើរការអាកាសយានដ្ឋានអន្តរជាតិ។
បើតាម លោក នាយក បានបន្ថែមថា ដោយសារការសាងសង់មិនទាន់ចប់សព្វគ្រប់នៅឡើយ ទើបក្រុមហ៊ុនសាងសង់ស្នើសុំមករដ្ឋលេខាធិការអាកាសចរស៊ីវិលពន្យារពេល ក្នុងការចុះធ្វើអធិការកិច្ច ដើម្បីពិនិត្យលើការស្នើសុំវិញ្ញាបណ្ណបត្រដំណើរការអាកាសយានដ្ឋាន រហូតដល់ចុងខែមិថុនា២០២៣។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។
ព្រលានយន្តហោះធំៗចំនួន៥ នៅកម្ពុជា ក្រោមទុនវិនិយោគរាប់ពាន់លានដុល្លារ ត្រៀមនឹងបង្អួតសម្រស់ និងដំណើរការ។ ព្រលានយន្តហោះទាំងនេះ មានទាំងព្រលានយន្តហោះស្ដារឡើងវិញ និងសាងសង់អាកាសយានដ្ឋានថ្មីតែម្ដងរួមមាន៖ ១. ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ, ២. ព្រលានយន្តហោះខេត្តសៀមរាបថ្មី, ៣. ព្រលានយន្តហោះតារាសាគរកោះកុង, ៤. ព្រលានយន្តហោះកោះរ៉ុង និង៥. គម្រោងកែលម្អអាកាសយានដ្ឋាននៅខេត្តបាត់ដំបងទៅកម្រិត4C៕
ដោយ៖ មឿន ឌីណា (Moeun Dyna)