Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជានិងថៃ បានបើកឱ្យប្រើប្រាស់សាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃ បានបើកឱ្យប្រើប្រាស់សាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។ បើតាមសេចក្ដីជូនដំណឹង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការបើឱ្យប្រើប្រាស់សាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ នាឱកាស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។

មន្រ្តីជាន់ខ្ពស់ទាំងបានបញ្ជាក់នៅក្នុងពិធីបើកសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ ថា ស្ពាននេះ នឹងរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។

ជាមួយនឹងការកត់សម្គាល់ដោយពេញចិត្តចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរបានបញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បី សម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។

លោក ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យភាគីថៃពង្រីកទីផ្សារថៃ និងលុបរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីអនុគ្រោះដល់កសិផលកម្ពុជា។

គូសបញ្ជាក់ថា ស្ពានមិត្តភាពនេះ ស្ថិតក្នុងគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលគិតត្រឹមខែមករា ឆ្នាំ២០២៣ សាងសង់សម្រេចបាន ៨០% ហើយ។

គម្រោងសាងសង់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ស្ទឹងបត់នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)