Register Already an agent ? Login

ស្ពានអាកាសឫស្សីកែវ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅ ដើមខែមីនា ឆ្នាំ២០២៣ ខណៈសំណង់សម្រេចជិត១០០%

ភ្នំពេញ៖ ស្ពានអាកាស ឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ បើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ  ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឫស្សីកែវ ឱ្យពលរដ្ឋអាចប្រើប្រាស់ជាបណ្តោះអាសន្នបានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងដែល។

បច្ចុប្បន្ន គម្រោងសាងសង់សម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរណ៍ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។ បើតាមការបន្ថែមរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

សូមរម្លឹកថា គម្រោងនេះ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង។

ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ៩,៧លានដុល្លារ។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។

បច្ចុប្បន្ន រាជធានីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)