ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១,២១៧.៣៨ប៊ីលានរៀល (ប្រមាណ ៣០០.៥៩លានដុល្លារ) ស្មើនឹង ៨,៤២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមការថ្លែងរបស់ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក គង់ វិបុល បានបន្តថា ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០,០៤ប៊ីលានរៀល (ប្រមាណជា ១២.៣៦លានដុល្លារ) ស្មើនឹង ៤,២៩%។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តទៀតថា លើសពីនេះ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២០,៧៣% អាករលើតម្លៃបន្ថែម ៨,៥៧% និងពន្ធលើប្រាក់បៀវត្ស ១៨,០៧%។
លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លោក បានលើកឡើងថា សម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។
ពាក់ព័ន្ធការគ្រប់គ្រងពន្ធនេះដែរ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបំពេញបេសកកម្មដ៏ជោគជ័យ ដោយបានប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ប្រកបដោយមោទនភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)