Register Already an agent ? Login

អគារជាង ១ពាន់ ក្នុងក្រុងព្រះសីហនុ បានផ្អាកការសាងសង់ ៣៥៩អគារ ខណៈដំណើរការឡើងវិញជិត ៩០អគារ

ព្រះសីហនុ៖ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការរីកដុះ ដាលខ្លាំងនូវសំណង់អគារជាច្រើន ដែលរហូតមកដល់ពេលនេះមានចំនួនសរុប ១០០៦សំណង់អគារខ្ពស់ ប៉ុន្តែក្នុងចំណោមអគារទាំងនេះ អគារដែលបានផ្អាកការសាងសង់ មានចំនួន ៣៥៩អគារ ហើយអគារដែលកំពុងដំណើរការសាងសង់ឡើងវិញបន្ទាប់ពីមានការធូរស្រាលពីកូវីដ-១៩ មានចំនួន ៨៩អគារ។ បើតាមការថ្លែងរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក គួច ចំរើន បានថ្លែងបន្តថា អគារដែលបានសាងសង់រួច ហើយ ប៉ុន្តែដោយសារការគំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងពេលកន្លងទៅបានផ្អាកដំណើរការទាំងស្រុងមានចំនួន២៥៥អគារ និងអគារដែលបានសាងសង់រួចដែលកំពុងដំណើរការបច្ចុប្បន្ននិងបានផ្តល់ការងារទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត មានចំនួន ៣០៣អគារ។

លោក បានបន្តទៀតថា សម្រាប់អគារដែលនៅសេសសល់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំផែនការមេដើម្បីដោះស្រាយវិបត្តិអគារដែលសេសសល់ ដោយធ្វើយ៉ាងណាឱ្យមានដំណើរការសាង សង់ឡើងវិញ។

លោក អូនព័ន្ធមុនីរ័ត្ន បានបង្កើតនូវក្រុមការងារមួយដើម្បីរៀបចំគោលនយោបាយដោះស្រាយសំណង់ជាប់គាំងនេះ ដែលគោលនយោបាយនេះ កំពុង តែដំណើរការជាបន្តបន្ទាប់ទៅហើយ។ ហើយការគិតគូរនេះក៏កំពុងសុំយោបល់ពីថ្នាក់ដឹកនាំ ជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចអំពីគោលនយោបាយ ក្នុងការលើកទឹក ចិត្តឱ្យបន្តការកសាង និងជំរុញនិងការកសាងអគារដែលជាប់គាំងទាំងអស់នេះ។ បើតាមការថ្លែងបន្តរបស់ លោក គួច ចំរើន។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បានផ្តល់លិខិតអនុញ្ញាតសាងសង់ជាង ១៥៨៨គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ១៤,៦៤៤,១៩០ម៉ែត្រក្រឡា ដោយមានទុនវិនិ យោគសរុប ៧,៩៨៩,២៦៣,៨៩០ដុល្លារ។

ក្នុងនោះ ភាគច្រើននៃគម្រោង ដែលបានស្នើសុំសាងសង់ រួមមានគម្រោងអគារ ស្នាក់នៅរួម អគារពាណិជ្ជកម្ម, អគារសណ្ឋាគារ និងអគារពហុមុខងារ ដោយភាគ ច្រើនជាអគារខ្ពស់ៗមានកម្ពស់រហូតដល់ ៥៣ជាន់ និងមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងរោងចក្រផ្សេងៗទៀតជាដើម ក្នុងគោលបំណងទ្រទ្រង់ឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)