ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានជិត ២០០លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាកិច្ចព្រមព្រៀងហិញ្ញប្បទាន គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ជាពិសេសលើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្ម ផលិតផលកសិកម្ម ដែលមានទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារ ក្នុងនោះឥណទានសម្បទានពី IFAD មានចំនួន ៤៧.៩លានដុល្លារ។
កម្វិធីនេះ មានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។
កម្មវិធីនេះ មានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ៦រួមមាន៖ បន្លែ មាន់ ដំឡូងមី គ្រាប់ស្វាយចន្ទី ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)