Register Already an agent ? Login

ទូតជប៉ុនថ្មី ប្ដេជ្ញាពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំ និងជំរុញវិនិយោគិនព្រមទាំងទេសចរមកកម្ពុជា

ភ្នំពេញ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញា និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា និងទេសចរផងដែរ។

ការលើកឡើងខាងលើរបស់ លោក UENO Atsushi នាឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

លោក UENO Atsushi បានលើកឡើងបន្តថា នឹងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម បោះឆ្នោតនាខែកក្កដាខាងមុខ ការងារដោះមីន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ លោក Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា

សម្ដេចតេជោ បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ លោក Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយការប្ដេជ្ញាចិត្តរបស់ លោក ជួយដល់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឱ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា។

ដោយឡែក លើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេចតេជោ បានសុំឱ្យអគ្គរាជទូតជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឱ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)