ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមជប៉ុន-កម្ពុជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិកមានដូចជា៖ អាសិប និងកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយដៃគូអាស៊ាន ដើម្បីពង្រីកទីផ្សារ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
ការជំរុញបែបនេះរបស់ លោក ប៉ាន សូរស័ក្តិ ក្នុងឱកាសអនុញ្ញាតជូន លោក FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន និងសហការី ចូលរួមពិភាក្សាការងារ ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក FUMIAKI TAKAHASHI និងសហការីមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត និងថ្លែងអំណរគុណ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងពាណិជ្ជកម្មក្នុងពេលកន្លងមក។
ក្នុងជំនួបនេះ លោក Kato Kazunori អនុប្រធានសមាគមជប៉ុន-កម្ពុជា បានធ្វើបទបង្ហាញជូន លោក រដ្ឋមន្រ្តី និងអង្គប្រជុំអំពីប្រតិបត្តិការធុរកិច្ចក៏ដូចជាទិសដៅរបស់ក្រុមហ៊ុន IL BRILLE លើគម្រោង សរសៃសូត្រមាសខ្មែរ។ ជាងនេះទៅទៀត គណៈប្រតិភូក៏បានធ្វើបទបង្ហាញពីការវិនិយោគបង្កើតក្រុមហ៊ុនដំឡើងរថយន្តនិងជួសជុល វិនិយោគវិស័យវារីវប្បកម្ម ផលិតផលសុខភាព និងកម្លាំងពលកម្មផងដែរ ។
បើតាមជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំ ឱ្យក្រុមហ៊ុនធ្វើការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែជោគជ័យបន្ថែមទៀត ជាពិសេសការនាំចេញផលិតផលកម្ពុជាចូលទីផ្សារជប៉ុន តាមរយៈមជ្ឈមណ្ឌលធុរកិច្ចកម្ពុជានៅជប៉ុន ជាដើម ។
លើសពីនេះ លោក រដ្ឋមន្រ្តី ក៏បានជម្រាប ប្រធានសមាគម និងសហការីនៃសមាគមជប៉ុន-កម្ពុជា អំពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើង លើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីជួយសម្រួលដល់វិនិយោគិននៅកម្ពុជា។
ជាការឆ្លើយតប ប្រធានសមាគម បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំរបស់ លោក រដ្ឋមន្រ្តី ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ លោក ប្រធានសមាគម ក៏បានប្ដេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរ ក៏បានអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣ និងបានសម្តែងសាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)