ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស ក្រុមហ៊ុន OCIC កំពុងតែធ្វើការខួងគ្រឹះស្ថានដែលទាំងអស់មានចំនួន ២១៩ដើម ទើបនឹងបានបញ្ចប់ការខួងនិងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១.៤១% នៃគម្រោង។ បើតាមការឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និងនៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត តែតំបន់នេះមានការពិបាកក្នុងការរៀបចំរបាំងការដ្ឋាន ដោយសារប្រជាពលរដ្ឋមានការតវ៉ា។ បើតាមកបន្តរបស់ លោក សាំ ពិសិដ្ឋ។
លោក សាំ ពិសិដ្ឋ បានប្រាប់សារព័ត៌មាន BTV នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស នៅតំបន់ N3 ក្រុមបច្ចេកទេសបានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀត។
ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។
ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមបើកការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)