ភ្នំពេញ៖ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ មានទំហំទឹកប្រាក់ចំនួនសរុប ៦២០.៣៧៣លានដុល្លារ កើន ២៣,៣% បើធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៥០៣.០០៤ លានដុល្លារ។ បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ម៉ាឡេស៊ី គឺជាទីផ្សារធំទី ១៦ ដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។
ការនាំទំនិញពីកម្ពុជា ទៅម៉ាឡេស៊ី មានទឹកប្រាក់ ១១១.៨៥៣លានដុល្លារ កើន ១០,៤% ពីចំនួន ១០១.៣១៨លានដុល្លារ និងទំនិញនាំពីម៉ាឡេស៊ី នាំមកកម្ពុជា មានចំនួន ៥០៨.៥២០លានដុល្លារ កើន ២៦,៦% ពីចំនួន ៤០១.៦៨៦ លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ បានបន្តថា គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៣៩៦.៦៦៧ លានដុល្លារ។
សម្ទុះនៃភាពរីកចម្រើនបានធ្វើឱ្យប្រទេសកម្ពុជាមានតម្រូវការនាំចូលទំនិញជាច្រើនពីម៉ាឡេស៊ី បច្ចុប្បន្ន ម៉ាឡេស៊ី គឺជាមូលដ្ឋានផលិតកម្មគ្រឿងអេឡិចត្រូនិក បរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសំណង់ យ៉ាងសម្បូរបែបប្រចាំតំបន់។ បើតាមការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
ភាពរឹងមាំ និងអាយុកាលចំណាស់នៃខឿនឧស្សាហកម្ម និងកសិកម្មនៅម៉ាឡេស៊ី បានធ្វើឱ្យបរិមាណទំនិញផលិតនៅទីនោះមានចំនួនច្រើន ព្រមទាំងមានថ្លៃដើមផលិតទាបជាងកម្ពុជា។ បើតាមការលើកឡើងបន្តរបស់ លោក គី សេរីវឌ្ឍន៍ បានបន្ថែមថា ទំនិញសក្តានុពលដែលកម្ពុជាមានសម្រាប់ម៉ាឡេស៊ី គឺអង្ករ ជ័រកៅស៊ូ និងដូងប្រេង។
បើតាមភ្នំពេញប៉ុស្តិ៍ដែលបានស្រង់សំដី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនលីលី ហ្វ៊ូដអ៊ីនដាសទ្រី ខូ អិលធីឌី លោកស្រី កែវ មុំ ថា ម៉ាឡេស៊ីជាទីផ្សារធំមួយក្នុងតំបន់ដែលកម្ពុជាត្រូវខំពង្រីកបន្ថែមទៀត ព្រោះកម្ពុជានៅមានផលិតផលសក្តានុពលជាច្រើនសម្រាប់នាំចេញទៅទីនោះ ពិសេសផលិតផលក្នុងវិស័យកសិកម្ម។
គូសបញ្ជាក់ថា តាមទិន្នន័យធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុប ៤១ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ី ស្ថិតនៅទី៦ មានទឹកប្រាក់ ១,៩ពាន់លានដុល្លារ ស្មើ ៤,៦% នៃចំណែកទីផ្សារសរុបតាមពីក្រោយប្រទេសចិន កូរ៉េ សិង្ហបុរី វៀតណាម និងជប៉ុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)