ក្រចេះ៖ ផ្លូវចំនួន ៣ខ្សែមានប្រវែងសរុប ៨០.២៥គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នឹងបើកការដ្ឋានសាងសង់ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣នេះ។ បើតាមការថ្លែងឱ្យដឹងពី លោក វ៉ា ថន អភិបាលខេត្តក្រចេះ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក វ៉ា ថន បានថ្លែងបន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣ រួមមាន៖
ទី១-គម្រោងផ្លូវជាតិលេខ៧ ប្រវែង ៣១,២៥គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទីរួមខេត្តក្រចេះ ទៅឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។
ទី២-គម្រោងផ្លូវខេត្តលេខ៣៧៧ ប្រវែង ៣៥,៥គីឡូម៉ែត្រ ចាប់ពី រង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ និងមានស្ពានចំនួន៩ មានប្រវែងសរុប ៤១៣ម៉ែត្រ។
ទី៣-គម្រោងផ្លូវលេខ៣៧៧A ដែលមានប្រវែង ១៣,៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅផ្លូវជាតិលេខ៧។
គម្រោងផ្លូវថ្នល់ទាំង៣នេះ ជាកម្ចីថវិកា ក្នុងអត្រាការប្រាក់សម្បទាន ពីសំណាក់ធនាគារពិភពលោក (World Bank) មកកាន់ប្រទេសកម្ពុជា។ បើតាមការថ្លែងបន្តរបស់ លោក វ៉ា ថន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)