ក្រចេះ៖ ក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាសចិន ដែលកំពុងធ្វើការរុករករ៉ែមាស និងចម្រាញ់មាសស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះបានចំនួន ៦៧.៥៣គីឡូក្រាម ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ឆ្នាំ២០២៣។ បើតាមការថ្លែងរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ា ថន បានថ្លែងបន្តថា ខេត្តក្រចេះមានសក្តានុពលលើវិស័យធនធានធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុក សំបូរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាក្នុងខេត្តក្រចេះមិនអាចរុករកបានរ៉ែមាសច្រើន ដូចក្នុងខេត្តមណ្ឌលគិរីក្តី អាជីវកម្មរុករករ៉ែមាសនេះបានចម្រាញ់ចេញជាមាសសុទ្ធលេខ១ ហើយក៏ជាផ្នែកមួយដែលនាំជាចំណូលចូលក្នុងថវិកាជាតិកម្ពុជាផងដែរ។
ទន្ទឹមនេះ នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុន ស្មើនឹង៦៥អាជ្ញាបណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន៥ក្រុមហ៊ុន ស្មើ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ការដ្ឋានវាយថ្មចំនួន២៥ក្រុមហ៊ុន ស្មើ២៨អាជ្ញាបណ្ណ និងក្រុមហ៊ុនក្រួសខ្សាច់ ៨ក្រុមហ៊ុន។ បើតាមការថ្លែងបន្តទៀតរបស់ លោក វ៉ា ថន។
លោក បានថ្លែងបន្ថែមថា អាជ្ញាធរខេត្តកំពុងតែជំរុញការអភិវឌ្ឍតំបន់វិស័យទេសចរណ៍ ដែលមានចំនួន ២១កន្លែង នៅក្នុងនោះរួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ ៦កន្លែង រមណីយដ្ឋានធម្មជាតិ ១១កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិ ១កន្លែង រមណីយដ្ឋានកែច្នៃ ៣កន្លែង និងរមណីយដ្ឋានបម្រុងទុក ១កន្លែង។
លើសពីនេះទៀត ក្នុងខេត្តក្រចេះ ក៏មានធនធានដ៏កម្រគឺសត្វផ្សោត ដែលត្រូវបានគ្រប់គ្រងអភិរក្ស ដែលបច្ចុប្បន្នមានសត្វផ្សោតរស់មានចំនួនប្រមាណ ៨០ក្បាល ហើយតំបន់នោះត្រូវបានអភិវឌ្ឍន៍ និងរៀបចំរមណីយដ្ឋានទេសចរណ៍ ដែលបានកំពុងទាក់ទាញអ្នកទេចរជាតិ និងអន្តរជាតិ ព្រមទាំងមានកំណើនជារៀងរាល់ឆ្នាំ។ បើតាមការបន្ថែមទៀតរបស់អភិបាលខេត្តក្រចេះ។
អភិបាលខេត្តដដែលបានលើកឡើងឱ្យដឹងថា ក្រៅពីនេះ ខេត្តក្រចេះក៏មានសណ្ឋាគារ ១៥កន្លែង ផ្ទះសំណាក់ ៥២កន្លែង រមណីយដ្ឋានអាហារដ្ឋាន ១៥៥កន្លែង សេវាកម្សាន្តមនុស្សពេញវ័យ ២៣កន្លែង ហាងម៉ាស្សា ១១កន្លែង។ នៅក្នុងឆ្នាំ២០២២ ខេត្តក្រចេះបានទទួលភ្ញៀវទេសចរចំនួន ៣៦៣ ៩៨២នាក់ ក្នុងនោះ ភ្ញៀវទេចរអន្តរជាតិ ៧ ០៦៥នាក់ និងភ្ញៀវទេសចរជាតិ ៣៥៦ ១១៧នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)