ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគលើវិស័យកាត់ដេរ និងសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅខេត្តកណ្ដាល និងតាកែវ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យដំណើរដែលមានទុនសរុប ១៨លានដុល្លារ។
ក្រុមហ៊ុនទាំង៣ ដែលទទួលបានការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖
១-ក្រុមហ៊ុន NEW TARGET FOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។
២-ក្រុមហ៊ុន GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៣៥កន្លែង។
៣-ក្រុមហ៊ុន JIN LONG QUAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក ដែលមានទីតាំងស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)