ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងបានបញ្ជាក់ ប្រតិភូវិនិយោគិនបារាំងទាំងមូលថា កម្ពុជាអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ បើតាមជំនួបទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ជាមួយប្រតិភូវិនិយោគិនបារាំង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការ វិនិយោគពីវិស័យឯកជនតាមរយៈ គម្រោង B.O.T។
ក្នុងជំនួបប្រជុំនោះ លោក អូលីវីយេ (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានជម្រាបជូន សម្ដេចតេជោថា ប្រតិភូទាំងអស់គ្នាមានជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយឈរលើមូលហេតុថាកម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែកឯកតកម្មលើការជំរុញកំណើនសេដ្ឋកិច្ច រយៈពេល២០ឆ្នាំ។
លោក អូលីវីយេ បានលើកឡើងបន្តថា កម្ពុជាបន្តធ្វើកំណែទម្រង់បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជាកំពុងមានអ្នកមានចំណូលមធ្យមច្រើន ក្នុងន័យនេះប្រតិភូបារាំងសម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹកគោកអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតនិងសុំស្វែងយល់ ពីសម្ដេចតេជោ អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា។
ពាក់ព័ន្ធនឹងថាមពលស្អាត សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាត ប្រមាណ ៦២% ហើយកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ។
តាមជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ នោះគឺការជំរុញ នយោបាយឧស្សាហកម្ម ជំរុញឱ្យមានការវិនិយោគ លើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធានដើម៖ ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវជាដើម សម្រាប់ធ្វើការកែច្នៃមិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជាទៀតផង៕