ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអូស្ត្រាលី ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុប ៥២៤លានដុល្លារ កើន ៦១% បើធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
នៅក្នុងរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មបានបន្តឱ្យដឹងថា ការនាំចេញពីកម្ពុជាទៅអូស្ត្រាលី មានតម្លៃទឹកប្រាក់សរុបជាង ៣៧៩លានដុល្លារ កើន ៨៥% ខណៈដែលការនាំចូលពីអូស្ត្រាលីមកកម្ពុជាវិញមានតម្លៃទឹកប្រាក់សរុប ១៤៥លានដុល្លារ កើន ២០% បើធៀបនឹងឆ្នាំ២០២១។ ទំនិញទាំងនោះរួមមាន៖ ផលិតផលកសិកម្ម ផលិតផលកាត់ដេរ និងកង់ជាដើម អូស្រ្តាលីវិញបាននាំចូលមកកម្ពុជាភាគច្រើនជាទំនិញប្រើប្រាស់ គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងចំណីអាហារជាដើម។
កំណើននៃទំហំពាណិជ្ជកម្ម ជាមួយអូស្រ្តាលី ជាសញ្ញាណវិជ្ជមានមួយនៃកម្រិតទំនាក់ទំនាក់ទំនង នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី ដែលជំរុញឱ្យការនាំចេញ នាំចូលរវាងប្រទេសទាំង២ មានភាពរលូនល្អ។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា។
ការនាំចេញផលិតផលជាច្រើនរបស់កម្ពុជា គឺឆ្លើយតបទៅនឹងតម្រូវការរបស់អូស្រ្តាលី ដែលមានន័យថា ជាទំនិញដែលមានគុណភាព មានស្តង់ដារ ការដឹកជញ្ជូនគ្មានភាពរាំងស្ទះ ដែលជំរុញឱ្យពាណិជ្ជករអូស្រ្តាលីបន្តការបញ្ជាទិញជាបន្តបន្ទាប់។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ។
បើតាម លោក ហុង វណ្ណៈ បានគូសបញ្ជាក់ថា អូស្រ្តាលីក៏ជាសមាជិករបស់ RCEP ផងដែរ នេះក៏ជាកត្តាមួយដែលជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំង២ផងដែរ។ ដូច្នេះ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងនៅក្នុងក្របខណ្ឌ RCEP នឹងអាចអនុញ្ញាតឱ្យអូស្រ្តាលី សម្លឹងឃើញផលិតផលរបស់កម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាក៏អាចត្រៀមខ្លួនក្នុងការផលិតទំនិញសម្រាប់បំពេញតម្រូវការទីផ្សារអូស្រ្តាលីវិញ។
បើតាមភ្នំពេញប៉ុស្តិ៍បានស្រង់សំដី លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាពិសេសការនាំចេញទៅអូស្ត្រាលី មានការកើនឡើងគួរឱ្យកត់សម្គាល់នេះ អាចថាដោយសារទំនាក់ទំនងកាទូតនិងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី កាន់តែស្អិតល្មួតស្របពេលការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសទាំងពីរមានការថមថយដូចគ្នា។
លោក បានបន្តថា វាជារឿងដែលប្រសើរ ដែលការនាំចេញពីកម្ពុជា ទៅក្រៅប្រទេសមានការកើនឡើង និងមានទំហំទឹកប្រាក់ ច្រើនជាងការនាំចូល ដែលនេះបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា មានលក្ខណៈវិជ្ជមានគួរឱ្យកត់សម្គាល់។ បើស្ថានភាពនៅតែល្អប្រសើរបែបនេះរំពឹងថា ពាណិជ្ជកម្មវាងកម្ពុជានិងអូស្ត្រាលី នឹងបន្តមានភាពវិជ្ជមានបន្តទៀតនៅឆ្នាំ២០២៣នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)