ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញ មានខណ្ឌចំនួន៥ ដែលមានតម្លៃដីខ្ពស់ចាប់ពី ២,០០០ដុល្លារ ដល់ ៦,០០០ដុល្លារ គឺ ខណ្ឌបឹងកេងកង ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌចំការមន។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន PropNex Cambodia។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា ខណ្ឌបឹងកេងកង ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងចំណោមបណ្តាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ។ តម្លៃដីធ្លី មានកម្រិតចន្លោះជិត ៣.០០០ ដល់ ៨.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ទោះបីជា ខណ្ឌចំការមន នៅជាប់នឹងខណ្ឌបឹងកេងកងក្ដី ប៉ុន្តែតម្លៃដីមិនដូចគ្នាឡើងគឺ មានតម្លៃចន្លោះពីជិត ២,០០០ ដល់ជាង ៤,៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជាតំបន់អភិវឌ្ឍលើសំណង់អគារខ្ពស់ៗ។
ចំណែក ខណ្ឌដូនពេញ ក៏មានតម្លៃដីធ្លីខ្ពស់ប្រហាក់ប្រហែលនឹងខណ្ឌបឹងកេងកងដែរ ខណ្ឌនេះតម្លៃដីធ្លី ចន្លោះពី ៣,០០០ ដល់ ៧,០០០ដុល្លា ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ ខណ្ឌទួលគោក តម្លៃដីធ្លីមានតម្លៃចន្លោះពី ២,០០០ ដល់ជិត ៦,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រីឯ ខណ្ឌ៧មករា តម្លៃដីធ្លី មានចាប់ផ្តើមពីជិត ៣,០០០ ដល់ ៥,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
គូសបញ្ជាក់ថា តម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗនៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០២២ មានការប្រែប្រួលអាស្រ័យតាមកម្រិតនៃការអភិវឌ្ឍ និងតម្រូវការនៃការប្រើប្រាស់ដីធ្លីជាក់ស្តែង។
ជាមួយគ្នានេះផងដែរ នៅមានខណ្ឌផ្សេងៗទៀត តម្លៃដីក៏មានការខុសគ្នាដែរ ក្នុងនោះមានដូចជា៖ ខណ្ឌឫស្សីកែវ តម្លៃដីធ្លី មានចាប់ពីប្រមាណ ១,០០០ដុល្លារ រហូតជិតដល់ ៣,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ខណ្ឌជ្រោយចង្វា កំពុងក្លាយជាតំបន់លំនៅឋានថ្មីមួយ តម្លៃដីធ្លីនៅក្នុងខណ្ឌនេះមានតម្លៃរហូត ដល់ ២,៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ខណ្ឌច្បារអំពៅ កំពុងមានសម្ទុះនៃការអភិវឌ្ឍក្នុងតំបន់នាពេលថ្មីៗនេះ តម្លៃដីធ្លីមានតម្លៃរហូតដល់ជាង ២,៥០០ដុល្លារ។ ខណ្ឌមានជ័យ ក៏មិនចាញ់គេឡើង តម្លៃដីធ្លីបានហក់ឡើងជិត ១,០០០ ជិតដល់ជាង ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ខណ្ឌសែនសុខ តម្លៃដីធ្លី មានចាប់ពី ៥០០ រហូតដល់ ១,៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ខណ្ឌពោធិ៍សែនជ័យ តម្លៃដីធ្លី មានចាប់ពី ២០០ រហូតដល់ ១,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ខណ្ឌដង្កោ តម្លៃដីធ្លី មានចាប់ពី ២០០ រហូតដល់ ១,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ខណ្ឌព្រែកព្នៅ តម្លៃដីនៅតំបន់នេះមានភាពសមរម្យនៅឡើយ ដោយតំបន់ខ្លះអាចមានតម្លៃរហូតដល់ ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)