ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ ២ខ្សែ នៅរាជធានីភ្នំពេញ ជូនថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបជាមួយ លោក ស៊ូឌីម៉ាន ហាសេង ( Sudirman Haseng ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
នៅក្នុងជួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង និងចុះពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសឥណ្ឌូនេស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់ពេលនេះ។
លោក ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពី សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូ វ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេស ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។
លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញ ចំនួន ២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។
លោក ស៊ូឌីម៉ាន ហាសេង ក៏បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយបានបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ។
ក្រោយពីជំនួប សម្តែងការគួរសម និងជម្រាបលាហើយ លោក ឃួង ស្រេង និង លោក ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅពិនិត្យទីតាំងផ្លូវដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)