ព្រះសីហនុ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ តម្លៃ៣០០លានដុល្លារ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ព្រលានយន្តហោះអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ដោយត្រូវចំណាយពេលវេលា៥ឆ្នាំ។ បើតាមការថ្លែងរបស់ អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ការសាងសង់នៅលើកោះមានការលំបាក និងចំណាយខ្ពស់ជាងការសាងសង់នៅលើគោកធម្មតា ពី២ទៅ៣ដង ដោយសារបញ្ហាដឹកជញ្ជូន។
អ្នកឧកញ៉ា គិត ម៉េង បានសន្យាថានឹងធ្វើព្រះលានយន្តហោះនេះ ឱ្យបានតាមផែនការមេ តាមផែនការអ្វីដែលយើងបានចុះកិច្ចសន្យាអនុស្សរណៈនៅថ្ងៃនេះ ដើម្បីគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន គឺថា សន្តិភាព និងការអភិវឌ្ឍ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា អាកាសយានដ្ឋានដែលគ្រោងការសាងសង់លើកោះរ៉ុង ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
គម្រោងអភិវឌ្ឍនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួម សម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នា នឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់តារាសាគរដែរ (ការវិនិយោគឯកជន ១០០% សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង)។ បើតាមការថ្លែងបន្តរបស់ លោក ម៉ៅ ហាវណ្ណាល់ បានបន្តទៀតថា ម្យ៉ាងវិញទៀត គម្រោងនេះក៏មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ លោក បានស្នើឱ្យក្រុមហ៊ុន Royal Group សហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីទទួលបាននូវការអនុញ្ញាត ឬអាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ ដែលពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍខាងលើនេះ។
ក្រោយចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នឹងចាប់ផ្ដើមភ្លាមៗតែម្ដង ដោយមិនបង្អស់យូរនោះទេ ដោយរៀបចំធ្វើតាមដំណាក់កាលនីមួយៗ។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងបន្តថា ការសាងសងព្រលានយន្តហោះនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់វិស័យទេសចរណ៍ ហើយតាមសិក្សាស្រាវជ្រាវតំបន់ទេសចរណ៍ណា ដែលមានអាកាសយានដ្ឋាន គឺមានការអភិវឌ្ឍន៍ខ្លាំង ជាងតំបន់ទេសចរណ៍ណា ដែលមិនមានអាកាសយានដ្ឋាន។
តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱ្យដឹងថា តាមកិច្ចព្រមព្រៀងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានជួលកោះរ៉ុង ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ បានចុះហត្ថលេខា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)