ភ្នំពេញ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រាកំពុងបើកដំណើរការ ចំនួន ១,៩៨២រោងចក្រ និងមានទុនវិនិយោគសរុប ១៦,៦៩០ លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ មានចំនួន ១,៣៨១១លានដុល្លារ។
នៅក្នុងរបាយការណ៍របស់ក្រសួងឧស្សាហកម្មបាបន្តថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជីរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។ ដោយឡែក ក្នុងឆ្នាំ២០២២ រោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។
ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគ នៅកម្ពុជា។ បើតាមការលើកឡើងរបស់ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។
លោក បានលើកឡើងបន្តថា នៅកម្ពុជា យើងឃើញថាអាចគ្រប់គ្រង និងអាចរស់នៅបានយ៉ាងល្អប្រសើរជាមួយនឹងកូវីដ-១៩ ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសង្គមសេដ្ឋកិច្ចបានល្អប្រសើរ ជាក់ស្តែងចំនួនរោងចក្រក្នុងឆ្នាំ២០២២ មានចំនួនកើនឡើងទាំងចំនួនរោងចក្រ និងទុនវិនិយោគផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)