Register Already an agent ? Login

ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១,៩៤៨លានដុល្លារ កើន ១២,៣%

ភ្នំពេញ៖ ការនាំចេញ​-​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា-​ជប៉ុន មាន​ទឹកប្រាក់​សរុប ១,៩៤៨.០១៩​លាន​ដុល្លារ កើន ១២,៣% បើ​ធៀបនឹង​ឆ្នាំ​២០២១ មានចំនួន ១,៧៣៤.១៤១លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន ចំនួន ១,១៧៣.០៣​ លាន​ដុល្លារ កើន ៧,៣% និង​ទំនិញ​នាំ​ពី​ជប៉ុន​មក​កម្ពុជា ៧៧៤.៩៨៩លាន​ដុល្លារ កើនឡើង ២១%​។ ​បើតាមទិន្នន័យ​ជញ្ជីងពាណិជ្ជកម្ម​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានលើកឡើងថា ទោះបី​ឆ្នាំ២០២២ សេដ្ឋកិច្ច​ពិភព​លោក​ជួប​បញ្ហា​ជាច្រើន​បណ្តាលមកពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ ក៏​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​មិនបាន​ធ្លាក់ចុះ​ឡើយ​។

ការរក្សាបាន​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា គឺ​ដោយសារ​កម្ពុជា​អាច​រក្សាបាន​នូវ​ស្ថិរភាព​ដំណើរ​ការផលិត​កម្មបាន​ពេញលេញ និង​អាច​បង្កើន​ចំនួន​មុខទំនិញ​កាន់តែច្រើន​ក្នុង​ទីផ្សារ​ជប៉ុន​។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ បាន​បន្ថែមថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ​ក៏​រួមចំណែក​យ៉ាងច្រើន​សម្រាប់​ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​ជប៉ុន និង​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ផងដែរ​។​

បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន បាន​កើន​ជា​លំដាប់​ដោយសារ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរមាន​ទំនាក់ទំនង​ល្អ ហើយ​ចំនួន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ផលិត​ទំនិញ​នាំទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ទីផ្សារ​ជប៉ុន​ក៏មាន​កាន់តែច្រើន​ផងដែរ​។

ជប៉ុន​ជា​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន និង​ជីវិត​រស់​នៅមានកម្រិត​ខ្ពស់ ដូច្នេះ​កម្ពុជា​អាចមាន​ឱកាស​ច្រើន​នៅក្នុង​ការនាំ​ទំនិញ​ដែល​ជប៉ុន​មិនសូវ​ផលិត ពិសេស​ផលិតផល​កសិកម្ម​ដែលជា​ប្រភេទ​មុខទំនិញ​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង។

គូសបញ្ជាក់ថា វិនិយោគិន​ជប៉ុន ​ភាគច្រើន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ទីផ្សារ​លក់រាយ ផ្សារ​ទំនើប វិស័យ​សេវា​កម្ម និង​ភោជនីយដ្ឋាន ជាដើម​។

របាយការណ៍របស់ធនាគារជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០២១ ជប៉ុន គឺជា​ប្រទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ​លំដាប់​ទី​៥ ដោយមាន​ទឹក​ប្រាក់​ចំនួន ២,៤​ពាន់​លាន​ដុល្លារ​, តាម​ពីក្រោយ​ប្រទេស​ចិន មាន​ទឹកប្រាក់ ១៨ពាន់​លាន​ដុល្លារ​, កូរ៉េ ៤,៩ពាន់​លាន​ដុល្លារ​, សិង្ហ​បុរី ២,៧​ពាន់​លាន​ដុល្លារ និង​វៀតណាម ២,៥​ពាន់​លាន​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)