Register Already an agent ? Login

កម្ពុជា និង ម៉ាល់ឌីវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កាន់តែស៊ីជម្រៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍ ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការសំខាន់ ៦ចំណុច នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងទីក្រុងម៉ាល់ ប្រទេសម៉ាល់ឌីវ។

អនុស្សរណៈនៃការយោគយល់គ្នា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា។

អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ ទាំង៦រួមមាន៖ ១-ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម។

២-ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន, ៣-ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា, ៤-គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការពាណិជ្ជកម្ម/ពិព័រណ៍ទេសចរណ៍, ៥-ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ និង ៦-និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានឱ្យដឹងថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើឱ្យកាន់តែល្អប្រសើរ ជាពិសេស ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ចំនួន ៣០ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។

គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឱ្យសិក្សាលទ្ថភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា-ម៉ាល់ឌីវ ពិតជាការឡានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បេតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។ បើតាមការបន្តរបស់ លោក ថោង ខុន។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តទៀតថា ទន្ទឹមនឹងនេះផងដែរ ការសំរេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យសិក្សាជ្រើសរើសវិថីណាមួយនៅតំបន់ឆ្នេរកម្ពុជា ជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ក៏នឹងក្លាយជាភាពទាក់ទាញសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរឱ្យធ្វើដំណើរទស្សនាទៅវិញទៅមក ហើយដែលនឹងចូលរួមជំរុញមិត្តភាពនៃប្រទេសទាំងឱ្យកាន់តែល្អប្រសើរថែមទៀត។

ពាក់ព័ន្ធនឹងការហោះហើរត្រង់ លោក ថោង ខុន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មុនចុះអនុស្សរណៈ ១ថ្ងៃ ក្រុមការងារជំនាញនៃក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាដាក់ចុះផែនការអនុវត្តអនុស្សរណៈ មានដូចជា៖

១-ការជំរុញឱ្យមានជើងហោះហើរត្រង់ កម្ពុជា-ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬត្រីកោណ ឬជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), ២-ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, ៣-ការរៀបចំឱ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), ៤-ការរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចរួម ជាដើម។

សូមរម្លឹកថា មុនវិបត្តិកូវីដ-១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.៦លាននាក់ កើនឡើង ៦.៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២.២លាននាក់ កើន ១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯ ប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១.៧លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១.៦លាននាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)