ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង ១១,៦៨៦ពាន់លានដុល្លារ កើន ៤,៤% បើធៀបនឹងឆ្នាំ២០២១ មានចំនួន ១១,១៩៤ពាន់លានដុល្លារ។ ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពី គឺស្មើនឹង ២២,២៩% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២២ ដែលមានចំនួនជាង ៥២ ៤២៤លានដុល្លារ។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រទេសចិន បានបន្តឈរលើកំពូលតារាងជាប្រទេសដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាច្រើនជាងគេក្នុងឆ្នាំ ២០២២ ទឹកប្រាក់ដែលចិននាំទំនិញមកកម្ពុជាបានគ្របដណ្ដប់ដល់ជិត ៩០% នៃទំហំពាណិជ្ជកម្មសរុប។ បើតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យខាងលើ គឺការនាំទំនិញពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១០.៤៤៥ពាន់លានដុល្លារ កើន ៧,៩% ពីចំនួន ៩,៦៨៤ពាន់លានដុល្លារ ដែលឈរលេខ១ ក្នុងនាមជាប្រទេសនាំទំនិញមកកម្ពុជាច្រើនជាងគេ ស្មើនឹងចំណែកទីផ្សារ ៣៤,៩%។
ចំណែក ទំនិញដែលកម្ពុជានាំទៅប្រទេសចិន មានចំនួន ១,២៤០.៦៣លានដុល្លារ ធ្លាក់ចុះ ១៧,៩% ពីចំនួន ១,៥១០ពាន់លានដុល្លារ និងស្មើ ៥,៥% នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសចិន ក្នុងឆ្នាំ២០២២ គឺកម្ពុជាមានឱនភាពប្រមាណ ៩,២០៤.៩០៣លានដុល្លារ។
បើតាមភ្នំពេញប៉ុស្តិ៍ស្រង់សំដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទោះបីឆ្នាំ២០២២ កន្លងមកប្រទេសចិនបានដាក់ចេញនូវវិធានការរឹតបន្តឹងជាច្រើន លើការចរាចរមនុស្ស និងទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក៏សកម្មភាពនៃការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា និងប្រទេសចិនមិនបានធ្លាក់ចុះនោះទេ។
លោក បានបន្តថា ការរក្សាបាននូវកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនេះគឺមកពីកត្តាសំខាន់ដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំង ២, ការចូលជាធរមានព្រមគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)នាដើមឆ្នាំ ២០២២។
សម្រាប់ចំនួនទឹកប្រាក់ដែលចិននាំទំនិញមកកម្ពុជាច្រើនក្នុងពេលនេះ គឺដោយសារភាគច្រើននៃទំនិញទាំងអស់នោះ គឺជាវត្ថុធាតុដើម ឬគ្រឿងផ្សំគាំទ្រឱ្យសកម្មភាពផលិតសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ បើតាមការលើកឡើងរបស់លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ប៉ុន្តែសម្រាប់កម្ពុជាវាអាចមានសញ្ញាមិនល្អខ្លះ ដោយសារការនាំចេញរបស់ខ្លួនធ្លាក់ចុះ។ កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្ម ទំនិញនាំចេញរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញឱ្យបានកាន់តែខ្លាំង។ បើតាមការលើកឡើងបន្តរបស់ របស់ ហុង វណ្ណៈ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)