ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំទំនិញចេញទៅបរទេសច្រើនជាងគេ គឺអាមេរិក សម្រេចបានជាងជិត ៩ពាន់លានដុល្លារ វៀតណាម សម្រេចបាន ២ពាន់លានដុល្លារ និងចិន សម្រេចបានជាង ១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។ បើយោងតាមរបាយការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅក្នុងរបាយការណ៍ដដែល បានឱ្យដឹងថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២,៤៨២ លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងឆ្នាំ២០២១ ដែលតម្លៃ ១៩,៣០៨ លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជា បាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩,៩៤១លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើង ៥២,៤២៤លានដុល្លារ កើនឡើង ៩.២% នឹងឆ្នាំ២០២១ ដែលមានចំនួន ៤៨,០១១.៨លានដុល្លារ។
ទោះយ៉ាងណា យោងតាមទិន្នន័យខាងលើ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៧ ៤៥៨,៦៦៤ លានដុល្លារ ដោយទឹកប្រាក់នាំចេញរបស់កម្ពុជាស្មើនឹងប្រមាណជាង ៤២,៨៨ ភាគរយនៃការនាំចេញនាំចូលសរុប។
កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨%, គ្រាប់ធញ្ញជាតិចំនួនជាង ១២០០លានដុល្លារ ថយចុះ ៣.៧% និងស្បែកជើងចំនួន ១៧០០លានដុល្លារ កើនឡើង២៤.៨%។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិ អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បានលើកឡើងថា មិនមែនជាក្តីបារម្ភទេ ព្រោះផលិតផលដែលកម្ពុជានាំចូល គឺមានមួយចំនួនជាវត្ថុធាតុដើម ឬគ្រឿងដង្គុំសម្រាប់ដំណើរការផលិតកម្មនាំចេញ និងមួយចំនួនប្រើសម្រាប់ទៅកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញការវិនិយោគថ្មីៗ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងកាលពីពេលថ្មីៗនេះថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់។
លោក បានបន្តថា ខណៈកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីដើមខែធ្នូឆ្នាំ២០២២នោះ បានជំរុញទំហំនៃការនាំចេញរបស់កម្ពុជាទៅកូរ៉េ នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ដំណើរជាដើម ដែលត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា ២ខ្ទង់ កាលពីឆ្នាំ២០២២ បង្ហាញថា ចន្ទល់សេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំល្អ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅបន្តជាប់គាំងដែលបណ្តាលមកពីវិបត្តិជាច្រើនដូចជា ជំងឺកូវីដ-១៩ ការកើនឡើងតម្លៃប្រេងឥន្ធនៈ សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ។
លោក តែ តាំងប័រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ទោះបីចង្វាក់ផលិតកម្មនៅក្នុងប្រទេសមួយចំនួនបន្តទទួលរងផលអវិជ្ជមានពីវិបត្តិជំងឺកូវីដ-១៩ និងជម្លោះភូមិសាស្ត្រនយោបាយ ប៉ុន្តែសម្រាប់សកម្មភាពផលិតកម្មនៅកម្ពុជា គឺមានដំណើរការទៅមុខដោយរលូនតាំងពីដើមឆ្នាំ២០២២ មក។ ការរំដោះខ្លួនបានឆាប់រហ័សពីវិបត្តិអន្តរជាតិនានាធ្វើឱ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)