កំពង់ចាម៖ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ គ្រោងសាងសង់ឆាប់ៗនេះ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម លើផ្ទៃដី ១០០ហិកតា។ បើតាមការថ្លែងឱ្យដឹងពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រោយពីចប់ពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
លោក អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ទៅក្រុមអ្នកសារព័ត៌មានថា គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តរួចរាល់ហើយ ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សាលម្អិតទៅលើផែនការអភិវឌ្ឍន៍។
តំបន់សេដ្ឋកិច្ចពិសេសនេះនឹងស្រូបទាញការវិនិយោគលើវិស័យរោងចក្រ វាយនភណ្ឌមកកាន់ខេត្តកំពង់ចាមកាន់តែច្រើនថែមទៀត។ បើតាមការគូសបញ្ជាក់របស់អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះគឺមិនត្រឹមតែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងទាំងមូលនោះទេ ប៉ុន្តែវាថែមទាំងបង្កើនសេដ្ឋកិច្ចខេត្ត ពិសេសសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋ។ ទោះយ៉ាងណា លោកពុំបានបង្ហាញថាតើក្រុមហ៊ុនណាជាអ្នកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងត្រូវចំណាយទុនវិនិយោគប៉ុន្មាននោះទេ។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្គន់នេះ គឺជាទីតាំងល្អមួយសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម។ តំបន់សេដ្ឋកិច្ចពិសេសនេះនឹងប្រមូលផ្តុំនូវបណ្តារោងចក្រដែលមានស្រាប់នៅទីនោះឱ្យមកស្ថិតក្នុងតំបន់តែមួយដែលងាយស្រួលក្នុងការគ្រប់គ្រង ការសម្រួលនិងការកាត់បន្ថយថ្លៃដើមដល់ម្ចាស់រោងចក្រ។
ចំណុចនេះ គឺបង្ហាញអំពីការផ្តល់ឱកាស និងការជំរុញឱ្យមានការវិនិយោគបន្ថែមទៅក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងកម្មន្តសាលដូចជាវិស័យកាត់ដេរនៅខេត្តកំពង់ចាម។ បើតាមការបញ្ជាក់របស់ លោក គី សេរីវឌ្ឍន៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)