ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគមានទឹកប្រាក់សរុបជាង ៤,៦៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧,៥% បើធៀបឆ្នាំ២០២១ ដែលមានចំនួន ៤,៣៥៥ពាន់លានដុល្លារ។ បើតាមការរបាយការណ៍របស់ CDC បានបញ្ជាក់ថា ចំនួនប្រាក់វិនិយោគនេះ គឺភាគច្រើនមកពីប្រទេសចិន ជប៉ុន កោះCayman Island, ថៃ និងសិង្ហបុរី។
នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ទឹកប្រាក់ទាំងនោះភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយនភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។
ការកើនឡើងនៃលំហូរប្រាក់វិនិយោគនៅក្នុងឆ្នាំ២០២២ គឺឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការខិតខំប្រឹងប្រែងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចរបស់រដ្ឋាភិបាល ទោះបីប្រទេសប្រឈមនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ- ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចសកលក៏ដោយ។ បើតាមការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក បានលើកឡើងបន្តថា រដ្ឋាភិបាលបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគ ដូចជាការដាក់ចេញនូវច្បាប់វិនិយោគថ្មី ហើយកំណើននៃគម្រោងវិនិយោគថ្មីភាគច្រើនគឺលើវិស័យកាត់ដេរ ដែលវិស័យនេះនៅតែមានភាពធន់នៅអំឡុងពេលវិបត្តិកូវីដ-១៩។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់យើងបានដំណើរការយ៉ាងល្អ ដោយសារតែការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលដែលបានកសាងនូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងបរទេសមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
លើសពីនេះទៀតការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ក៏ជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគផងដែរ។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបន្ថែមថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាក៏បានដាក់ចេញច្បាប់វិនិយោគថ្មី និងការទទួលបានការអនុគ្រោះពាណិជ្ជកម្មពីអឺរ៉ុប និងអាមេរិក ក៏នៅតែជាកត្តាទាក់ទាញវិនិយោគមួយដ៏សំខាន់ផងដែរ។
វិស័យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងឆាប់ តាមរយៈការដាក់ចេញនូវវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
សម្ដេចតេជោ បានថ្លែងបន្តថា នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់៖ «សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦,៦% នៅឆ្នាំ២០២៣។
ធនាគារពិភពលោកបានព្យាករថា នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,២% ដោយសារការកើនឡើងការជួល ដែលគាំទ្រដល់ការកើនឡើងការប្រើប្រាស់នៅក្នុងស្រុក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)