ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីចំនួន ៣១៥ ៤៤១បណ្ណ ជូនដល់ប្រជាពលរដ្ឋ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤ ៨០៥បណ្ណ នៅក្នុងឆ្នាំ២០២២។ បើតាមការថ្លែងបញ្ជាករបស់ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។
លោក ជា សុផារ៉ា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងបន្តថា កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានប្រកាសកំណត់តំបន់វិនិច្ឆ័យថ្មីចំនួន ៤៣៧ភូមិ ធ្វើការបិទផ្សាយ ជាសាធារណៈចំនួន ៣៤៤ភូមិ ស្មើនឹង ៣៤៨ ៧៣៦ក្បាលដី ចេញបណ្ណចំនួន ៣១២ ២៩១បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ២៦១ ៦៥៥បណ្ណ។
លោក បានថ្លែងបន្តទៀតថា ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ សម្រេចបាន ៣ ១៥០បណ្ណ ក្នុងនោះ ដីឯកជនចំនួន ២ ៩៥១បណ្ណ ដីរដ្ឋបាន ៩ទីតាំង ចំនួន ៧៤បណ្ណ ទំហំ ២៧ ៨៣២ហិកតា (ដីគោលដៅសម្បទាន សេដ្ឋកិច្ច៥ទីតាំង ចំនួន៦៤បណ្ណ ទំហំ ២២ ១២៧ហិកតា តំបន់ការពារព្រៃស្តារឡើងវិញ ៤ទីតាំង ចំនួន១០បណ្ណ ទំហំ ៥ ៧០៥ហិកតា។
លោក រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្ថែមថា ក្នុងនោះដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន ៣ទីតាំងចំនួន ៥បណ្ណ ទំហំ ៣ ៧៩១ហិកតា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ១ទីតាំង ចំនួន៥បណ្ណ ទំហំ ១ ៩១៤ហិកតា) និងដីសហគមន៍ជនជាតិដើមភាគតិចចំនួន៥សហគមន៍ ស្មើនឹង ១២៥បណ្ណ ទំហំ៥ ៤៤៣,៦៥ហិកតា សម្រាប់៤៨២គ្រួសារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)