ភ្នំពេញ៖ រយៈពេល១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចិនជាង ៩ម៉ឺននាក់ ក្នុងអត្រាកំណើន ១១៣.៨% ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។ បើតាមរបាយការណ៍របស់ក្រសួងទេសរណ៍។
ក្រសួងទេសចរណ៍កំពុងបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation)ទ្បើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាង ២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។
ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។
ក្រសួងទេសចរណ៍ បានអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួន១០ ដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន។
ក្រសួងទេសចរណ៍ បានបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអាសយដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមរម្លឹកថា មុនពេលជំងឺកូវីដ-១៩ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ២,៣លាននាក់ បានមកទស្សនាប្រទេសកម្ពុជា ដោយជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសកំពូលទាំង១០ (នាំមុខវៀតណាម និងថៃ) ក្នុងចំណោមភ្ញៀវបរទេសសរុប៦,៤លាននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិន នឹងជំរុញកំណើនទេសចរណ៍របស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។
ភ្ញៀវទេសចរចិន គឺកំណប់ទ្រព្យដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។ បើតាមការថ្លែងកន្លងមករបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក បានថ្លែងបន្តថា បន្ថែមលើនេះវិស័យទេសចរណ៍ បានជំរុញការនាំចេញនៅនឹងកន្លែង ហើយបានទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិផង និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមជាសកល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)