ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៤៧៨.៤០៤លានដុល្លារ កើន ៦៩,៧% បើធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ២៨១,៩៤៣លានដុល្លារ។ បើតាយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុងនោះការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី មានទឹកប្រាក់ ៣៤៦,០៣៤លានដុល្លារ កើន ៩៧,៦% និងទំនិញនាំពីអូស្ត្រាលី មានទឹកប្រាក់ ១៣២.៣៧លានដុល្លារ កើនឡើង ២៣,៩%។
ទំហំពាណិជ្ជកម្ម នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មានទឹកប្រាក់សរុប ៣៩.៤២១លានដុល្លារ ធ្លាក់ចុះ ៧,១៣% ធៀបខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានចំនួន ៤២.៤៤៨លានដុល្លារ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៣៣.៩២៩លានដុល្លារ កើនឡើង ៣៩,៧៨% និងការនាំទំនិញពីអូស្ត្រាលី មានទឹកប្រាក់ ៥.៤៩១លានដុល្លារ ធ្លាក់ចុះ ៦៩,៧៩%។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាច្រើន ជាពិសេសផ្នែកកសិកម្មដោយទំនាក់ទំនងនេះគឺមិនមែនមានតែលើការនាំចេញ-នាំចូលកសិផលប៉ុណ្ណោះទេ ប៉ុន្តែកន្លងមករដ្ឋាភិបាលអូស្ត្រាលី ក៏បានផ្តល់ជំនួយថវិកា និងបច្ចេកទេសសម្រាប់លើកកម្ពស់ផលិតភាពកសិកម្មនៅកម្ពុជាផងដែរ។
ក្រៅពីការនាំចេញ-នាំចូលទំនិញជាមួយគ្នា បច្ចុប្បន្នក៏មានវិនិយោគិនអូស្ត្រាលីកំពុងបណ្ដាក់ទុននៅកម្ពុជាដែរ ពិសេសវិស័យធនធានរ៉ែ។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង។
លោក លឹម ហេង បានបន្តឱ្យដឹងថា ផលិតផលកម្ពុជាដែលនាំទៅប្រទេសអូស្ត្រាលី មានភាគច្រើនជាផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម, ចំណែកទំនិញអូស្ត្រាលីនាំមកកម្ពុជា រួមមាន៖ ផលិតផលអេឡិចត្រូនិក យានយន្ត និងផលិតផលអាហារ (សាច់គោ, ទឹកដោះគោ និងផ្លែឈើ)។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៣២៤លានដុល្លារ កើនឡើង ៥២% បើធៀបនឹងឆ្នាំ២០២០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)