កណ្ដាល៖ ផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាព ក្រោមអធិបតីភាព សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបជាង ៦៧លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ
នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ដែលឆ្លងកាត់ខេត្តចំនួន៤ រួមមានគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា «ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់»។
លោក បានថ្លែងបន្តថា ផ្លូវនេះតភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជា៖ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។
លោក ស៊ុន ចាន់ថុល បានថ្លែងបន្តឱ្យដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុបជាង ៩៥គីឡូម៉ែត្រ គិតចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។
លោក បានបន្តទៀតថា គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
គូសបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ ក៏នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ ខ្សែផ្លូវនេះក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)