Register Already an agent ? Login

កម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានពីADBនិងAFDជិត ៤០០លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យអាទិភាពចំនួន៦

ភ្នំពេញ៖ កម្ពុជា ទទួលបានកញ្ចប់ថវិកា ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលជាកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន៦ ដែលមានទឹកប្រាក់សរុប ៣៨១.៤៥លានដុល្លារ និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន១ មានទឹកប្រាក់ ១.៧លានដុល្លារ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោកស្រី Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា និងលោកស្រី Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាផ្ដល់និងទទួលនៅថ្ងៃទី២២ ​ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន៦ រួមមាន៖

១-កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១

២-គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

៣-គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ

៤-គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ

៥-កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១

និង៦-គម្រោងវិទ្យាសាស្រ្ត និងវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា។

នៅក្នុងពិធីនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក៏បានថ្លែងអំណរគុណចំពោះការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB និង AFD ដែលបាន និងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក បានថ្លែងរម្លឹកថា កិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ប៊ីលានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨,៤៥លានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៦៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)