ភ្នំពេញ៖ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបបានចូលជាធរមាននាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គ្រាន់តែពីរសប្តាហ៍ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារ។ បើតាមប្រសាសន៍បញ្ជាក់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយ លោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាដែលចប់អាណត្តិ ដើម្បីសម្ដែងការគួរសម និងជម្រាបលា។
ជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពី សម្រេចបាន ៦៥៩លានដុនដុល្លារ គឺកើនឡើងដល់ ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
លោក រដ្ឋមន្ត្រី បានជម្រាបជូនអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២លានដុល្លារ ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩លានដុល្លារ គឺមានការកើនឡើងប្រមាណ ៦%។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកអគ្គរដ្ឋទូត នូវសមិទ្ធិផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស្អិតរមួត និងរីកចម្រើន។
លោក រដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោក ប៉ាន សូរស័ក្តិ ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបគណៈប្រតិភូកូរ៉េ នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូរធនធានមនុស្ស។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលធ្លាប់បានផ្តល់ការគាំទ្រសាធារណរដ្ឋកូរ៉េ ជាបេក្ខភាពអគ្គនាយកអង្គការពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។ លើសពីនេះទៀត ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២។
លោក បានលើកឡើងបន្តថា ជាពិសេសបានកោតសរសើរចំពោះ លោក រដ្ឋមន្រ្តី ផ្ទាល់ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ។
ជាថ្មីម្តងទៀត លោក ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកអគ្គរដ្ឋទូត ថាតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានការលើកទឹកចិត្តច្រើនដល់ការផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត ជាមួយគ្នានេះ លោក ក៏បានស្នើសុំឱ្យជួយជំរុញនិងលើកទឹកចិត្តអ្នកវិយោគទុនកូរ៉េមកបណ្ដាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)