ភ្នំពេញ៖ ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចប់ទទួលជោគជ័យជាស្ថាពរ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានដឹកនាំកិច្ចប្រជុំចរចារជុំទី២។
ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានក្រុមចរចារបស់ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កាគួរជាទីសោមនស្សរីករាយ ដោយឈរលើមាគ៌ាផលប្រយោជន៍រួមនិងបំពេញឱ្យគ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈិមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានចរចានិងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង CAM-UAE CEPA មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាពបត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបន្តធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាសារវន្ត ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា-ល-ដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាកិច្ចបញ្ចប់ ប្រធានក្រុមការងារចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមដែលជាលទ្ធផលនៃការចរចាជុំទី២នេះ និងបានឯកភាពគ្នាជាគោលការណ៍ក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាជុំទី៣ ដែលអាមីរ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលវេលាសមស្រប ក្នុងឆ្នាំ២០២៣ ខាងមុខ។
សូមរម្លឹកថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានរៀបចំការចរចា CAM-UAE CEPA ជុំទី១ នៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ ដែលដឹកនាំដោយមន្រ្តីជាន់ខ្ពស់ទាំងពីរដដែល។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចព្រមព្រៀងដែលកម្ពុជាកំពុងចរចាជាមួយអេមីរ៉ាតអារ៉ាប់រួម នឹងផ្តល់ផលចំណេញច្រើនដល់សេដ្ឋកិច្ចកម្ពុជា ព្រោះអេមីរ៉ាតអារ៉ាប់រួម ជាប្រទេសមានប្រាក់ចំណូលច្រើន និងមិនសូវមានដាំដុះដំណាំកសិកម្មឡើយ។ លោក បានបន្តថា ប្រភពចំណូលសំខាន់របស់អេមីរ៉ាតអារ៉ាប់រួម គឺបានមកពីធនធានធម្មជាតិ(ប្រេង និងឧស្ម័ន) វិស័យសេវាកម្ម និងទេសចរណ៍។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអេមីរ៉ាតអារ៉ាប់រួម នឹងជួយឱ្យកម្ពុជាមានទីផ្សារនាំចេញទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសក្នុងតំបន់អារ៉ាប់កាន់តែច្រើន ទទួលបានការចូលមកបណ្ដាក់ទុនពីសំណាក់វិនិយោគិនអារ៉ាប់(ពិសេសក្នុងវិស័យប្រេង-ឧស្ម័ន និងថាមពល)។ ចរាចរណ៍ទំនិញពីកម្ពុជាទៅកាន់ប្រទេសនៅតំបន់អារ៉ាប់ ក៏ជិតជាទៅតំបន់អឺរ៉ុប និងអាមេរិកផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)