Register Already an agent ? Login

កម្ពុជា ទទួលហិរញ្ញប្បទានថ្មីពី WB ២៧៤លានដុល្លារ ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចនិងពង្រឹងភាពធន់យូរអង្វែង

ភ្នំពេញ៖ ក្រុមប្រឹ​ក្សានាយ​កប្រតិបត្តិរ​បស់ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានថ្មីប្រមាណ ២៧៤លានដុល្លារ ថែមទៀត ដល់កម្ពុជាសម្រាប់​ប្រតិបត្តិការគោលនយោបាយកំណើ​ន​សេដ្ឋកិច្ច​និង​អភិវឌ្ឍ​ន៍ភាពធន់ នឹងជួយ​ដល់កំណែទម្រង់សម្រាប់​ជំរុញកំណើន និងពង្រឹងភាពធន់។ បើតាមគេហទំព័រផ្លូវការរបស់ធនាគារពិភពលោកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ការផ្ដល់នេះ ជាកិច្ច​ប្រឹងប្រែងរបស់កម្ពុជាក្នុងការស្ដារ​សេដ្ឋកិច្ច​ឱ្យ​​ងើបឡើងកាន់តែមាន​ភាពធន់បន្ទាប់​ពីរងការ​ប៉ះ​ទង្គិច​ពី​​វិបត្តិនាពេលថ្មីៗ។ បើតាមការបញ្ជាក់របស់ធនាគារពិភពលោក បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា​បានរងការ​ខូច​ខាត​ធ្ងន់ធ្ងរពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ ដោយ​​ធ្វើ​ឱ្យ​ផលិតផ​លក្នុងស្រុ​កសរុបបានធ្លាក់ចុះដក ៣,១% ក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំង​លើកដំបូងក្នុង  ​រយៈពេល ៣០ឆ្នាំចុង​ក្រោយនេះ​។

ធនាគារពិភពលោក បានបន្តថា ការវិភាគ​ទិន្នន័យ​បាន​បង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២,៨% ដោយ​រុញ​មនុស្ស​ប្រហែល ៤៦០ ០០០នាក់ ឱ្យ​ធ្លាក់ក្នុងភាពក្រីក្រវិញ​។ រដ្ឋា​ភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅ​នឹង​ជំងឺរាតត្បាត តាម​រយៈ​អន្តរាគមន៍​ជួយ​ដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយ​សារ​​ចំណាយពាក់ព័ន្ធមាន​ការ​កើនឡើង រដ្ឋា​ភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​មូលដ្ឋាន​សារពើពន្ធ​ឱ្យ​បាន​រឹង​មាំ​ ចាប់ពីពេលនេះទៅមុខទៀត​។

បើទោះជា​សេដ្ឋកិច្ចបានងើបឡើងវិញនៅឆ្នាំ២០២១ និង២០២២ ពិតមែនក្តី​ ប៉ុន្តែបរិយាកាសចុះខ្សោយ​នៅ​ខាងក្រៅមានន័យថាលទ្ធភាព​វិល​ទៅ​ទទួល​បាន​​​អត្រាកំណើនដ៏រឹងមាំដែលធ្លាប់​មាន​នៅ​មុនការផ្ទុះ​ជំងឺ​រាតត្បាត ពិត​ជា​នឹងមិនងាយ​រក​បាន​ទេ​។ បើតាមលើកឡើងបន្តទៀតរបស់ WB បានបន្ថែមថា សង្រ្គាមនៅតែបន្តមាន​​ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តា​ទាំង​អស់​នេះ​នឹងជះឥទ្ធិពល​មិន​ល្អ​មកលើ​ទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។

បើតាម WB បានអះអាងថា ហិរញ្ញប្ប​ទាន​នេះ ទ្រទ្រង់​​ដល់​កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់​ផ្សេងទៀត​នឹងបង្កើនភាព​ធន់នៃ​​​សារពើពន្ធ រួមទាំង​ការកែលម្អ​ការគ្រប់គ្រង​ភាពជាដៃគូវាង​ផ្នែក​​សាធារណៈនិងឯកជន និងការ​សម្រួលដល់​ការលក់​ប័ណ្ណ​បំណុល​របស់រដ្ឋាភិបាល​​ក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់​ហិរញ្ញប្បទាន​នេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយ​កើតឡើង​។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រង​របស់​ធនាគារពិភពលោក​ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ ​យុទ្ធ​សាស្ត្រ​ “រស់​ជាមួយ​កូវីដ-១៩” បាន​ជួយ​ស្តារ​សេដ្ឋកិច្ចឱ្យ​រើប​ឡើង​វិញ​ក៏ពិត​មែន ប៉ុន្តែ​ កម្ពុជា​នៅ​តែ​ងាយ​​រង​គ្រោះ​ដោយសារ​តែ​ចរន្ត​ធ្លាក់​ចុះ​នូវ​តម្រូវ​ការ​ក្រៅប្រទេស​ និង​ការ​រអាក់​រអួល​​នានា​នៅ​ក្នុង​ខ្សែចង្វាក់​ផ្គត់​ផ្គង់​សកល នៅឡើយ។

លោក បានបន្តថា ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ជំរុញ​ភាព​ប្រកួត​ប្រជែង​របស់ផ្នែក​​ឯកជន, ពង្រឹង​ស្ថាន​ភាព​សារពើពន្ធរបស់​កម្ពុជា និងផ្តល់​ជំនួយ​ដល់​ប្រ​ជា​ជន​ងាយ​រងគ្រោះ​បំផុត​របស់​ខ្លួន។ ​​

គូសបញ្ជាក់ថា ហិរញ្ញប្បទាននេះ ​ឈរ​លើ​​ផែន​ការរបស់​រដ្ឋា​ភិបាល​សម្រាប់​​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​សម័យ​ជំងឺ​រាត​ត្បាត​ ដែល​មាន​គោល​បំណង​ទូលំទូលាយ​បី ការស្ដាសេដ្ឋកិច្ច, កំណែទម្រង់ និង​ការ​បង្កើន​ភាព​ធន់ និង​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ចំនួន​ ២០០លានដុល្លារ ​ សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២១។

ជាមួយគ្នានេះដែរ ហិរញ្ញប្បទាននេះនឹង​ជួយ​សម្រាល​​សម្ពាធ​ផ្នែក​សារពើពន្ធ​ខ្លះ​ដែល​រដ្ឋា​ភិបាល​កំពុង​ជួបប្រទះ ដោយសារតែ​មានឱនភាពក្រែលគួរសមដែរ​នៅក្នុង​ប៉ុន្មាន​ឆ្នាំនេះ។ ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវ​បាន​ផ្តល់​ដោយ​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់ជួយ​ដល់ប្រទេសក្រីក្រ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)