Register Already an agent ? Login

កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ ១១ខែ កើនជាង ១ពាន់% ឆ្នាំ២០២២

ភ្នំពេញ៖ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន ១,៩១៤,០៥៥នាក់ មានកំណើនរហូតដល់ ១០៧១.៦% ធៀបនឹងឆ្នាំ២០២១។ បើតាមការថ្លែងរបស់ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅកិច្ចប្រជុំត្រួតពិនិត្យលើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

លោក ហោ សារុន បានថ្លែងបន្តថា ក្នុងនោះ តាមផ្លូវអាកាសមានចំនួន ៦៧៣,៦៦៩នាក់ ស្មើនឹង ៣៥.២% តាមផ្លូវគោកមានចំនួន ១,២២៦,១១៥នាក់ ស្មើនឹង ៦៤.១% និងតាមផ្លូវទឹកមានចំនួន១៤,២៧១នាក់ ស្មើនឹង០.៧%។

ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនជាលំដាប់ពីមួយខែទៅមួយខែ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពជឿទុកចិត្តក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាព និងភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំគិតគូរត្រឹមត្រូវរបស់ក្រសួងទេសចរណ៍ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។ បើតាមការបន្តរបស់ លោក ហោ សារុន។

លោក បានថ្លែងបញ្ជាក់ថា ភ្ញៀវទេសចរ ប្រទេសអាស៊ានមានចំនួនច្រើននាំមុខគេ ក្នុងនោះភ្ញៀវទេសចរជនជាតិថៃ បាននាំមុខគេដែលមានចំនួន ៧២០,២០៣នាក់ ភ្ញៀវទេសចរជនជាតិវៀតណាម ស្ថិតនៅក្នុងលំដាប់ទី២ ដែលមានចំនួន៤០១,១៩៣នាក់។

ដោយឡែក ភ្ញៀវទេសចរជនជាតិចិនស្ថិតនៅក្នុងលំដាប់ទី៣ដែលមានចំនួន ៩០,៦៤៨នាក់។ ក្រៅពីនេះ មានភ្ញៀវទេសចរជនជាតិអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេសជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)