Register Already an agent ? Login

ក្រុងកំពង់ចាមនឹងមាន ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម មានតម្លៃប្រមាណជាង ២២លានដុល្លារ

កំពង់ចាម៖ ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម មានតម្លៃប្រមាណជាង ២២លានដុល្លារ នៅក្នុងក្រុងកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។ បើតាមការកិច្ចប្រជុំត្រៀមបើកការដ្ឋានសាងសង់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំខាងលើ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងនឹងត្រៀមរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខនេះ។ លោក ក៏បានក្រើនរម្លឹក ដល់អាជ្ញាធរខេត្តឱ្យត្រៀមរៀបចំធនធានមនុស្សឱ្យបានរួចជាស្រេចដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផលថ្មីនេះ ព្រោះជាបទពិសោធន៍ បញ្ហានេះបានកើតមានឡើងតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផលហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង។

លោក រស់ វណ្ណា បានឱ្យដឹងថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធចម្រោះទឹកក្រខ្វក់នេះ ត្រូវរងចាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រៀបចំពិធីដើម្បីប្រកាសដាក់ឱ្យដំណើរការ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពង់ចាម ត្រូវតែត្រៀមជាស្រេច ដើម្បីចាប់ផ្ដើមដំណើរការ។

បន្ថែមពីលើនេះ រដ្ឋលេខាធិការ ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាមជ្រើសរើសមន្ត្រីដើម្បីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះបានសាងសង់រួចរាល់ជាស្ថាពរ និងបានសំណូមពរឱ្យអាជ្ញាធរខេត្តត្រៀមពិនិត្យលទ្ធភាពរកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណាដែលមានប្រជាជនរស់នៅច្រើនសម្រាប់ត្រៀមរៀបចំស្ថានីយចម្រោះទឹកកខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្ងាយពីទីប្រជុំជនខ្លាំងពេក ដែលជាកត្តាចំណាយថ្លៃដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។

លោក ហូ រដ្ឋា មន្ត្រីក្រុមប្រឹក្សាបច្ចេកទេស បានឱ្យដឹងថា គម្រោងនៃការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម បានចុះកិច្ចព្រមព្រៀងនៅក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងគម្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២លានដុល្លារ។

លោក ហូ រដ្ឋា បានបន្តថា ការរៀបចំប្រព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្របបាន ដូចជាលក្ខណៈទឹកធម្មជាតិ។

ជាមួយគ្នានោះប្រយោជន៍សម្រាប់ក្រុងកំពង់ចាម និងគ្មានក្លិនស្អុយទេ នៅពេលស្ថានីយចម្រោះទឹកកខ្វក់សាងសង់រួច។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងដំណើរការសាងសង់អាចមានផលប៉ះពាល់លំនៅឋានខ្លះៗ របស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យពួកគាត់ជួយសហការជាមួយនឹងក្រុមការងារ ដើម្បីឱ្យដំណើរការសាងសង់បានទៅដោយរលូនផងដែរ។ បើតាមការបន្តរបស់ លោក ហូ រដ្ឋា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)