ភ្នំពេញ៖ យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសដៃគូក្នុងពិភពលោកនារយៈពេល ១១ខែ ឆ្នាំ២០២២ មានប្រមាណ ៤៨.២ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញមានទឹកប្រាក់ជាង ២០.៤ពាន់លានដុល្លារ និងការនាំចូលវិញប្រមាណ ២៧.៧ពាន់លានដុល្លារ។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តឱ្យដឹងទៀតថា ១១ខែ ឆ្នាំ២០២២នេះ ប្រទេសដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ដែលស្ថិតក្នុងតារាងចំណាត់ថ្នាក់ខ្ពស់ជាគេមាន៖ លេខ១ ចិន, លេខ២ អាមេរិក, លេខ៣ វៀតណាម, លេខ៤ ថៃ, លេខ៥ សិង្ហបុរី, លេខ៦ ជប៉ុន, លេខ៧ ស្វ៊ីស, លេខ៨ អាល្លឺម៉ង់, លេខ៩ តៃវ៉ាន់ និងលេខ១០ កាណាដា។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្ថែមឱ្យដឹងទៀតថា តាមតួលេខចំណាត់ថ្នាក់នេះទំហំពាណិជ្ជ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មជាង ១០,៥៨ពាន់លានដុល្លារ កើនក្នុងអត្រា៦,៣% ក្នុងនោះ ការចេញរបស់កម្ពុជាមានត្រឹម ១,១ពាន់ដុល្លារ ដែលធ្លាក់ចុះជាង១៩% ហើយការនាំចូលវិញ មានដល់ជិត ៩,៤៧ពាន់ដុល្លារ កើន ១០,៤%។
កម្ពុជា-អាមេរិក ទំហំពាណិជ្ជកម្មចំនួន ៨,៥ពាន់លានដុល្លារ មានកំណើន ២១,៨% សម្រាប់ការនាំចេញរបស់កម្ពុជា មានជាង ៨,២ពាន់ដុល្លារ កើន២៣% ខណៈនាំចូលវិញ គឺមានត្រឹមជាង ២៩២លានដុល្លារ ធ្លាក់ចុះ៤,៨%។ កម្ពុជា-វៀតណាម ទំហំពាណិជ្ជកម្មមានក្នុងតម្លៃជាង ៥,៥ពាន់លានដុល្លារ មានកំណើន១៩,៥% ក្នុងនោះ ការនាំចេញរបស់កម្ពុជាជិត ១,៩ពាន់លានដុល្លារ កើន ៤,៨% ការនាំចូលវិញមានដល់ជាង ៣,៦ពាន់ដុល្លារ មានកំណើន ២៩%។
កម្ពុជា-ថៃ ទំហំពាណិជ្ជកម្មមានតម្លៃជិត ៤,៣ពាន់លានដុល្លារ កើន១៨,៣% ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៧៥៦លានដុល្លារ កើន៣៥,៤% ការនាំចូលវិញជាង ៣,៥៤ពាន់ដុល្លារ មានកំណើន ១៥,២%។ កម្ពុជា-សិង្ហបុរី ទំហំពាណិជ្ជកម្មមានតម្លៃជាង ៣,២៥ពាន់ដុល្លារ ធ្លាក់ចុះ២៨,៨% ការចេញរបស់កម្ពុជា មានត្រឹមជាង ៨៦លានដុល្លារ ធ្លាក់ចុះ២៥,៣% និងនាំចូលវិញមានជិត ៣,១៧ពាន់ដុល្លារ ប៉ុន្តែក៏ធ្លាក់ចុះក្នុងអត្រា ២៨,៩%។
កម្ពុជា-ជប៉ុន ទំហំពាណិជ្ជកម្មមានតម្លៃជិត១,៧៩ពាន់លានដុល្លារ កើន ១៣% ការនាំចេញរបស់កម្ពុជា មានតម្លៃជិត១,០៧ពាន់លានដុល្លារ កើន៦,៨% និងនាំចូលវិញមាន ៧២០លានដុល្លារ ប្រមាណ ២៤%។ កម្ពុជា-ស្វ៊ីស ទំហំពាណិជ្ជកម្មមានតម្លៃប្រមាណ ១,៤៤ពាន់លានដុល្លារ កើនរហូតដល់ ៧៩% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានត្រឹម ៨,៥លានដុល្លារ ធ្លាក់ចុះ ៧,១% ប៉ុន្តែការនាំចូលវិញ កើនដល់ ៨០,៥%។
កម្ពុជា-អាល្លឺម៉ង់ មានទំហំពាណិជ្ជកម្មជាង ១,១៥ពាន់លានដុល្លារ ដែលមានកំណើនក្នុងរង្វង់ ២៣% ការនាំចេញរបស់កម្ពុជា មានតម្លៃប្រមាណ ១ពាន់លានដុល្លារ កើន ២៦,៧% និងនាំចូលមាន ១៥៣លានដុល្លារ កើន៥,១%។ កម្ពុជា-តៃវ៉ាន់ ទំហំពាណិជ្ជកម្មមានតម្លៃ ១,០៦ពាន់លានដុល្លារ មានកំណើន ១០% ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានជាង១០០លានដុល្លារ កើន១៩,៦% និងនាំចូលមានតម្លៃជិត ៩៦៦លានដុល្លារ កើន ៩,១%។
កម្ពុជា-កាណាដា ទំហំពាណិជ្ជកម្មមានតម្លៃ ១,០៥ពាន់លានដុល្លារ ជាមួយកំណើន ១៩% ការនាំចេញរបស់កម្ពុជាមាន១,០២ពាន់ដុល្លារ កើន ២០,៦% ការនាំចូលវិញ គឺធ្លាក់ក្នុងអត្រា ១៧,៣% ដែលមានតម្លៃទឹកប្រាក់ ៣១លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)