ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ គិតពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២២ សម្រេចបាន ៧១១.០៤លានដុល្លារ កើន ១% បើធៀបនឹងឆ្នាំ២០២១ មានចំនួន ៧០៣.៩៤លានដុល្លារ។ បើតាមស្ថិតិបញ្ជីពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងនោះការនាំពីកម្ពុជា ទៅកូរ៉េ មានទឹកប្រាក់ ២០៧.១៨លានដុល្លារ កើន ២០,៣% និងពីកូរ៉េមកកម្ពុជា មានចំនួន ៥០៣.៩២លានដុល្លារ ធ្លាក់ចុះ ៥,២%។
សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ៥២,១៤លានដុល្លារ ធ្លាក់ចុះ ២០,៧២% ធៀបខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមស្ថិតដដែល បានបន្តទៀតថា ក្នុងនោះកម្ពុជានាំទៅកូរ៉េ មានតម្លៃ ១៦,៥៩លានដុល្លារ កើនឡើង ៦,៩៤% និងនាំចូលពីកូរ៉េ មានតម្លៃ ៣៥,៥៦លានដុល្លារ ថយចុះ ២៩,២៦%។
បើតាមភ្នំពេញប៉ុស្តិ៍បានស្រង់សម្ដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ដោយសារតែកូរ៉េជាប្រទេសរីកចម្រើន និងមានតម្រូវការផលិតផលកសិកម្មមានគុណភាពខ្ពស់ ដូច្នេះវាជាឱកាសសម្រាប់កម្ពុជាក្នុងការរៀបចំការដាំដុះ និងកែច្នៃផលិតផលរបស់ខ្លួនឱ្យស្របតាមការចង់បានរបស់កូរ៉េ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដែលបានធ្វើជាមួយគ្នានឹងជួយឱ្យផលិតផលកម្ពុជាកាន់តែច្រើនមានវត្តមាននៅទីផ្សារកូរ៉េ។
មូលហេតុដែលទឹកប្រាក់នាំចូលពីកូរ៉េមានច្រើនជាងការនាំចេញពីកម្ពុជា គឺដោយសារកម្ពុជានាំចូលផលិតផលជាច្រើនពីប្រទេសកូរ៉េ ដើម្បីមកបម្រើឱ្យការនាំចេញ។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង បានបន្តថា កូរ៉េជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមានស្តង់ដារចំណីអាហារខ្ពស់ ដូច្នេះកម្ពុជាត្រូវខិតខំផលិតទំនិញរបស់ខ្លួនឱ្យឆ្លើយតបនឹងតម្រូវការនៅទីនោះ កសិផលកម្ពុជា នឹងមានទីផ្សារកាន់តែធំនៅប្រទេសកូរ៉េ។
លោក លឹម ហេង បានឱ្យដឹងថា ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកូរ៉េ មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលកសិកម្ម ចំណែកទំនិញកម្ពុជានាំចូលពីកូរ៉េ មានដូចជា៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ និងថ្នាំពេទ្យ ជាដើម។
គូសបញ្ជាក់ថា នៅឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៤,០៤លានដុល្លារ កើន ៥,៤% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះកម្ពុជានាំចេញ ១៩៤.០៨លានដុល្លារ កើន ៤,៧% និងកូរ៉េ នាំចូល ៥៧៩.៩៦លានដុល្លារ កើន ៥,៦%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)