ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានមូលនិធិចំនួន ៧៣លានដុល្លារ បន្ថែមទៀតពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ជួយជំរុញវិស័យថាមពល។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្រូវផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៤០ លានដុល្លារពីធនធានសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ បើតាមការបញ្ជាក់ពី ADB។
សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ២៣លានដុល្លារ នោះកម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុនឹងផ្តល់ប្រាក់កម្ចីចំនួន ៦លានដុល្លារ និងជំនួយ ៥លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចីចំនួន ១២លានដុល្លារ តាមរយៈកម្មវិធីការស្ដារឡើងវិញបៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។
កម្មវិធីនេះ គាំទ្ររបៀបវារៈនៃអន្តរកម្មថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលនិងផ្លាស់ប្តូរចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការ និងបទប្បញ្ញតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពលដើម្បីបង្កើនភាពបត់បែន និងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រ ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ
លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវិស័យសាធារណៈសម្រាប់មហាអនុតំបន់មេគង្គរបស់ ADB បានថ្លែងថា កម្មវិធីនេះ រួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។
វាត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន ជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ បើតាមការថ្លែងបន្តរបស់ លោក Pradeep បានបន្ថែមថា វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ប្រទេស និងរួមបញ្ចូលការអភិវឌ្ឍថាមពល និងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ។
គួរបញ្ជាក់ថា ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភពកកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និងកែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។
សូមរម្លឹកថា ADB បានប្រកាសពីគម្រោងនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានកត់សម្គាល់ថា ខ្លួនបានចុះហត្ថលេខាលើ «អាណត្តិផ្តល់ប្រឹក្សាប្រតិបត្តិការ» ជាមួយអគ្គិសនីកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍនៃសមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែម ២ជីហ្គាវ៉ាត់ នៅកម្ពុជា និងនៅថ្ងៃទី១១ ខែវិច្ឆិកា ADB សហការជាមួយ EDC បានភ្ជាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់ ទៅកាន់បណ្តាញជាតិនៅខេត្តកំពង់ឆ្នាំង ដែលជាផ្នែកថាមពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់។
ជាមួយមូលនិធិថ្មី ៧៣លានដុល្លារ ការវិនិយោគនេះក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្តកំពត និងខេត្តកែបដែលនឹងនាំដល់ការសន្សំសំចៃនិងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍ និងសុវត្ថិភាពសាធារណៈ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)