ភ្នំពេញ៖ ការនាំចេញស្រូវទៅលក់ប្រទេសវៀតណាម ក្រៅផ្លូវការតាមច្រកព្រំដែននានា ក្នុងខេត្តព្រៃវែង មានបរិមាណចំនួន ១,៤៨៧,១៩៣តោន រយៈពេលជិត១២ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ បើតាមការឱ្យដឹងពី លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
លោក អ៊ុក សំណាង បានលើកឡើងថា ដោយសារមានល្បាយទឹកភ្លៀងគ្របដណ្ដប់នៅទូទាំងខេត្តព្រៃវែង បានធ្វើឱ្យល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សាបានបញ្ចប់ ត្រឹមថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២ ការព្រោះស្រូវសរុបបាន ២៧៦,៨១៩ហិកតា គិតជាភាគរយ ១១០.៧៣%។
ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ការប្រមូលផលសរុប ២៥៦.២៦៣ហិកតា ស្មើ៩២.៣៧%។ បើតាមការបន្តរបស់ លោក អ៊ុក សំណាង បានឱ្យដឹងទៀតថា ល្បឿនបង្កបង្កើនផលស្រូវរដូវប្រាំងបានចំនួន ៧១.៣២៣ហិតា ៩៥.១០%។
ដោយឡែក ដំណាំសាកវប្បកម្ម អនុវត្តន៍សរុប ៣៣៣ហិកតា បន្លែគ្រប់មុខ ៣៣៣ហិកតា, ដំណាំឧស្សាហកម្ម អនុវត្តន៍សរុប ៣,៨២១ហិកតា ពោតក្រហម ១៣ហិកតា សណ្ដែកបាយ ៥០ហិកតា សណ្ដែកដី ២៤ហិកតា ល្ង ៥៧ហិកតា អំពៅ ៤០៧ហិកតា ឈូក ៣ ០២០ហិកតា ដំឡូង ២៥០ហិកតា។ បើតាមការបន្ថែមរបស់ លោក អ៊ុក សំណាង។
បើតាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ដដែល បានបន្ថែមទៀតថា ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី ប្រមូលផលសរុប ១,៤៨៥តោន បន្លែគ្រប់មុខ ១,៤៨៥តោន។ ដំណាំឧស្សាហកម្មប្រមូលផលសរុប ៤, ៥៧២តោន, ឈូក ៤,៥៧២តោន។
គូសបញ្ជាក់ថា ខេត្តព្រៃវែង ឆ្នាំ២០២២ តាមការវាយតម្លៃបឋមបានបង្ហាញថា បរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦,៨១៦តោន ហើយតម្លៃមធ្យម ២៥០ដុល្លា ក្នុង១តោន។ បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិកាប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លា ទើបអាចប្រមូលទិញស្រូវអស់។ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)