Register Already an agent ? Login

គម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ដំណាក់កាលទី២ នឹងបញ្ចប់នៅដំណាច់ខែ១ឆ្នាំ២០២៣

ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សានេះឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខាងលើ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំខាងលើកាលពីថ្ងៃទីទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដែលទទួលសិក្សាលើកគម្រោងនេះ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងលទ្ធផលមួយចំនួនដែលគម្រោងសិក្សានេះសម្រេចបានកន្លងមក និងពិនិត្យលើផែនការសកម្មភាពនាជំហានបន្ទាប់ផងដែរ។

លោក ស៊ុន ចាន់ថុល បានផ្តល់ណែនាំឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តខិតខំអនុវត្តការសិក្សាលម្អិតមួយចំនួនដែលនៅសេសសល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបញ្ចៀសកុំឱ្យមានការប៉ះពាល់ទៅលើសំណង់វត្តអារាម និងសាលារៀនជាដាច់ខាត។

លោក ទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង ត្រូវធ្វើការសហការជាមួយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប៉ាន់ប្រមាណលើតម្លៃបឋម នៃទំហំផលប៉ះពាល់របស់គម្រោងនេះ ដើម្បីលើកយកមកពិនិត្យ និងពិភាក្សានាពេលបន្ទាប់ទៀត។

បើតាមកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យដោយយកចិត្តទុកដាក់លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានាលើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោងនេះ ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើ ប្លង់បច្ចេកទេសរួមមាន ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងដង្គុំនៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក ការជ្រើសរើសស្តង់ដារនៃការសាងសង់ គន្លងផ្លូវនាវាចរណ៍ រួមនឹងសន្ទះផ្លូវនាវាចរណ៍ផងដែរ។

គូសបញ្ជាក់ថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។

ជាមួយគ្នា ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)