Register Already an agent ? Login

កម្ពុជា ទទួលកញ្ចប់ថវិកាពី ADB ដែលបានអនុម័តចំនួនជិត ៦៣លានដុល្លារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង

ភ្នំពេញ៖ កម្ពុជា ​ទទួលបាន​នូវ​កញ្ចប់​ថវិកា​ជិត ៦៣​​លាន​ដុ​​ល្លារ ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដើម្បី​លើកកម្ពស់​សន្តិ​សុខ​ស្បៀង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​ខេត្ត​ចំនួន៥ និង​ទីក្រុង១ តាមរយៈ​ការកែលម្អ​សុខភាព និង​ខ្សែចង្វាក់​តម្លៃ ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​ផ្លូវការ និង​ផលិត​​ផល​បសុសត្វ​។ បើ​តាមសេចក្ដីប្រកាសព័ត៌មាន ADB។

គម្រោងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៥0លានដុល្លារ ពីធនធានសម្បទានរបស់ ADB ជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ចំនួន ១២លានដុល្លារ និងជំនួយឥតសំណងចំនួន ៩០០,០០០ដុល្លារ ពីមូលនិធិបម្រែបម្រួលអាកាសធាតុ(CCF)។

មូលនិធិអភិវឌ្ឍន៍អាស៊ី ផ្តល់ជំនួយដល់ប្រទេស សមាជិកកំពុងអភិវឌ្ឍរបស់ ADB ហើយមូលនិធិអភិវឌ្ឍន៍អាស៊ី មានគោលបំណងពង្រឹងការគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយកាបូនទាបនិងភាពធន់នឹងអាកាសធាតុក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍ។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់ប្រាក់កម្ចីចំនួន ៤៣លានដុល្លារ ដល់គម្រោងនេះ ដែលចំនួននេះនឹងត្រូវគ្រប់គ្រងដោយ ADB។ គម្រោងនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣។

គម្រោងនេះ នឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ។

ជំនួយរបស់ ADB នឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុ ដែលជាវិធីសាស្រ្តធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្នុងមួយតោននៃសាច់ដែលផលិត ធ្វើអោយប្រសើរឡើងនូវនិរន្តរភាពតាមខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តាឡើងវិញពីកូវីដ១៩។

វាក៏នឹងគាំទ្រដល់ការអនុវត្តវិធីសាស្រ្ត One Health ដែលមានបំណងធ្វើឲ្យមានតុល្យភាពប្រកបដោយនិរន្តរភាព និងធ្វើឲ្យសុខភាពរបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើង ពង្រឹងការចូលរួមរបស់វិស័យឯកជន និងជួយធ្វើអន្តរកម្មការគ្រប់គ្រងបសុសត្វឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងឌីជីថល និងសេវាកម្មព័ត៌មាន។

លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។

សត្វពាហនៈ និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណៈជាពាណិជ្ជកម្ម កាន់តែខ្លាំងឡើងក៏ដោយ។ បើតាមការលើកឡើងបន្តរបស់ លោក Srinivasan Ancha បានបន្ថែមថា ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ។

គូសបញ្ជាក់ថា គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារយ៉ាងហោចណាស់ ៤0,000 ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ។

ក្នុងនោះ តាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពស្ថាប័ននិងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។ វាក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិសាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់វ៉ាក់សាំងបសុសត្វ និងការបង្កាត់ពូជសិប្បនិម្មិត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)