Register Already an agent ? Login

ទូតអ៊ីតាលីប្រចាំកម្ពុជា សន្យានឹងនាំពាណិជ្ជករ ធុរជន ទស្សនកិច្ចស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ នៅកម្ពុជា

ភ្នំពេញ៖ លោក PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅក្នុងជំនួបពិភាក្សាជា លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មកម្ពុជា បានសន្យាថា លើកទឹកចិត្តនិងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក PAOLO DIONISI បានគូសបញ្ជាក់ថា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។

ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះគុណភាពអង្កររបស់កម្ពុជា ដែលជាប់ជាអង្ករល្អ បំផុតក្នុងវេទិកាស្រូវអង្ករពិភពលោកប្រចាំឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ។

លោក ក៏បានជម្រាបជូនអំពីបំណងក្នុងការផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ និងអញ្ជើញកម្ពុជាចូលរួមក្នុងពិព័រណ៍ផលិតផលគ្រឿងសម្អាងនៅឆ្នាំ២០២៣ ព្រមទាំងស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។

នៅក្នុងជំនួបនោះ លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ លោក PAOLO DIONISI ដែលទទួលបានការតែងតាំងថ្មីក្នុងបេសកកម្មការទូតមកកាន់ប្រទេសកម្ពុជា និងបានសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងអាណត្តិរបស់អតីតឯកអគ្គរដ្ឋទូតអ៊ីតាលីកន្លងមក។

លោក កឹម ស៊ីថន បានបន្តថា ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើន ក្នុងនោះរួមមានការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដតាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប និងកម្មវិធី COVAX ផងដែរ។ លោក គូសបញ្ជាក់ថា ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុនបន្ថែមទៀត ក្នុងអាណត្តិថ្មីរបស់ឯកអគ្គរដ្ឋទូត។

ជាកិច្ចបញ្ចប់ រដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ជូនថាក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្របសម្រួលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ចនៅកម្ពុជា និងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអ៊ីតាលីនៅកម្ពុជានាពេលខាងមុខ និងបានជូនពរឱ្យឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មការទូត។

គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩.៣៤លានដុល្លារ ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងឆ្នាំ២០២១។

កម្ពុជា នាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)