ភ្នំពេញ៖ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១៣,០១៦.៩៣ប៊ីលានរៀល (ប្រមាណ ៣ ២១៤.០៦លានដុល្លារ) ស្មើនឹង១១៣.៩៩% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ បើតាមការថ្លែងរបស់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
នៅកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក គង់ វិបុល បានថ្លែងបញ្ជាក់ថា ធៀបនឹងចំណូលពន្ធ-អាករ រយៈពេលដូចគ្នានៅឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២,៦២៥.០៩ប៊ីលានរៀល (ប្រមាណ ៦៤៦.១៧លានដុល្លារ)។
លោក គង់ វិបុល បានបញ្ជាក់ពីការប្តជ្ញាចិត្តយ៉ាងដូច្នេះថា «ទោះបីជាការកើនឡើងនៃផែនការប្រមូលប្រមាណ ៣,០៤៦.២៦ប៊ីលានរៀល (ប្រមាណ ៧៥២.១៦លានដុល្លារ) នេះជាការកើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្មអគ្គនាយកដ្ឋានពន្ធដារ មានភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំនៅតែប្តេជ្ញា និងព្យាយាមឱ្យអស់លទ្ធភាព»។
លោក គង់ វិបុល បានថ្លែងបន្តថា តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន បានអនុម័តទាំងស្រុងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលឱ្យបាន ១៤ ៤៦៦.៣៩ប៊ីលានរៀល (ប្រមាណ ៣,៥៧១,៧០លានដុល្លារ)។
នៅក្នុងកិច្ចប្រជុំខាងលើ លោក បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារដោយស្មារីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុស នូវគំនិតផ្តួចផ្តើមថ្មីៗ ដោយតែងតែ គោរពប្រតិបត្តិតាមអភិក្រមទាំង៥ របស់ សម្តេចតេជោ ហ៊ុន សែន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ព្រមទាំងអភិក្រមការងារ ៤ប្រការ របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ១.អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ២.អនុវត្តការងារជាក្រុម ៣.អនុវត្តការងារដោយ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង។
លោក គង់ វិបុល បានលើកឡើងថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ។
យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន៣៥៧១.៧០លានដុល្លារ កើនឡើង២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩.៥៥លានដុល្លារ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)