Register Already an agent ? Login

សម្ដេចតេជោ នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ និងផ្លូវជាតិលេខ៧ ដើមឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីប បើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ដើមខែមករា ឆ្នាំ២០២៣ ខាងមុខ។ បើតាមកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងទាំងពីរ ដែលដឹកនាំដោយ លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំខាងលើបានឱ្យដឹងថា គម្រោងទាំងពីរខាងលើនេះក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បើតាមកិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែកចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ។

ទាក់ទងជាមួយនឹងគម្រោងសាងសង់ស្ពាននេះដែរ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នាពេលខាងមុខរាជរដ្ឋាភិបាល ត្រូវសាងសង់ស្ពានចំនួន ៣បន្ថែមទៀត ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងថា ស្ពានទាំង៣ ដែលត្រូវសាងសង់បន្ថែមនេះរួមមាន៖

-ស្ពានទី១ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ២០២៣ ដែលឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ។ ស្ពាននេះមានការចាំបាច់សម្រាប់តភ្ជាប់ពីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកន្លងមកត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ ត្រូវឆ្លងចូលខេត្តត្បូងឃ្មុំ និងកំពុងចាម ប៉ុន្តែនៅពេលស្ពានថ្មីនេះសាងសង់រួច គឺធ្វើដំណើរពីក្រចេះទៅកំពង់ធំដែរម្តង។

-ស្ពានទី២ នៅរាជធានីភ្នំពេញ គឺជាស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ ដែលបានចុះហត្ថលេខាទទួលឥណទានពីកូរ៉េ នូវទឹកប្រាក់ប្រមាណជិត ២៥០លានដុល្លារ។ ស្ពាននេះត្រូវសាងសង់ស្ពានចំនួន២ រួមមាន៖ ទី១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ។ ទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល)។

-ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)