Register Already an agent ? Login

ពន្ធដារ ប្រមូលចំណូលពន្ធលើយានយន្តគ្រប់ប្រភេទបានជាង ១០០លានដុល្លារ នៅឆ្នាំ២០២២

ភ្នំពេញអគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រកចំណូលបាន​ជា​ង​ ១០០​លាន​ដុល្លារ​ ពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅក្នុង​ឆ្នាំ​២០២២ ស្មើនឹង​ ១២៣% នៃ​ផែនការ ឆ្លុះបញ្ចាំង​អំពី​ការ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ប​ង់​ពន្ធ​។ បើតាមការបញ្ជាក់របស់ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងកម្មវិធីស្តីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានថ្លែងថា ការប្រមូល​ចំណូល​ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅក្នុង​ឆ្នាំ​២០២២ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ មានការ​កើនឡើង ហើយ​នៅក្នុង​ឆ្នាំនេះ ដោយ​សម្រេចបាន​១២៣​% នៃ​ផែនការ​ស្មើ​ប្រហែល​ជាង ១០០​លាន​ដុល្លារ​។​

ចំណូល​ពន្ធ​មធ្យោបាយ​នេះ​មានការ​កើនឡើង និង​ប្រមូលបាន​លើស​ផែនការ ដោយសារ​វិធានការ​ប្រមូល តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាពិសេស​អគ្គនាយកដ្ឋាន បាន​បង្កើត​នូវ​កម្មវិធី GDT Taxpayer App សម្រាប់​បង់ពន្ធ​។​ បើតាមការបញ្ជាក់បន្តរបស់ លោក គង់ វិបុល បានបន្តថា កម្មវិធី GDT Taxpayer App គឺសម្រួលដល់ម្ចាស់យានយន្ត ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ មិនចាំបាច់ទៅធនាគារ និងអង្គភាពពន្ធដារ ដើម្បីបង់ពន្ធនោះទេ គឺអាចបង់តាមរយៈពេល App នេះ និងមានការដឹកជញ្ជូនសាលកបត្រពន្ធ ដល់ផ្ទះតែម្តង។

GDT Taxpayer App នេះ មានភាពងាយស្រួល ចំពោះអ្នកជាប់ពន្ធ ដូច្នេះគ្មានមូលហេតុណាមួយ ដែលអ្នកជាប់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចង់គេចវេះនោះទេ លើកលែងតែអ្នកមិនបានដឹង ឬក៏ភ្លេច។ កម្មវិធី GDT Taxpayer App មានការកើនឡើងជាលំដាប់ ដោយសារតែមានកំណើនប្រើប្រាស់ នៃការបង់ពន្ធ តាមរយៈពេល App នេះ មានជាង៥០% បើធៀបនឹងឆ្នាំកន្លងទៅ។ បើតាមការបន្តរបស់ លោក គង់ វិបុល។

លោក បន្តទៀតថា ចាប់ពីខែមករា ឆ្នាំ២០២៣ គឺមានការត្រួតពិនិត្យនៅតាមដងផ្លូវ គ្រប់រាជធានី-ខេត្តទាំងអស់ ចំពោះអ្នកដែលមិនបានបង់ពន្ធ លើមធ្យោបាយធ្វើដំណើរ ខណៈការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២២។

គិត​ត្រឹម​ដំណាច់​ខែតុលា​ ឆ្នាំ ២០២២ កន្លងទៅ​នេះ GDT បានធ្វើការ​កៀរគរ​ចំណូល​ពន្ធ​ជាង​២ ៩០០ លាន​ដុល្លារ​កើន​២៦​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ដោយ​ការប្រមូល​ពន្ធ​នេះ​សម្រេចបាន​ជាង​១០៤​ភាគរយ​នៃ​ផែន​ការដែល​រដ្ឋាភិបាល​បានកំណត់​សម្រាប់​ឆ្នាំ​២០២២​។ បើតាមការបន្ថែមរនរបស់ លោក គង់ វិបុល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)