ភ្នំពេញ៖ ក្រុមហ៊ុនអាម៉េរិកធំជាច្រើន បានសម្តែងឆន្ទៈក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារអាម៉េរិក និងពិភពលោក។
ការសម្ដែងនូវឆន្ទៈវិនិយោគក្នុងវិស័យកសិកម្មដោយផ្ទាល់ពីក្រុមហ៊ុនអាម៉េរិកធំ នៅក្នុងប្រជុំពិភាក្សារវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករអាម៉េរិក នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសម្របសម្រួលរបស់ លោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុង Long Beach អាម៉េរិក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានជម្រាបជូន មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថា ដោយសារវិបត្តិនានា ដែលបាននិងកំពុងកើតឡើងនៅក្នុងតំបន់និងពិភពលោក សហរដ្ឋអាម៉េរិកក៏ជាប្រទេសមួយ ដែលបានទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេសគឺផលិតផលចំណីអាហារ និងកសិផល។
ដដែលតំណាងប្រតិភូ បានបញ្ជាក់ថា កម្ពុជា គឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។
បើតាមតំណាំងដដែល បានបន្តទៀតថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានបង្ហាញឆន្ទៈខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។
លោក ប៉ាន សូរស័ក្ដិ បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឱ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។
កសិផលកម្ពុ ជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឱ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។ បើតាមការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្ដិ។
គួររម្លឹកផងដែរ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក លោក Joe Biden បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់សហរដ្ឋអាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថា កម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)