ភ្នំពេញ៖ តាមការព្យាករណ៍សម្រាប់រយៈពេលពេញ ១ឆ្នាំ២០២២ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង ២.២៧លាននាក់ កើនឡើងជាង ៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១។ បើតាមការថ្លែងរបស់ លោក ថោង ខុន បានបញ្ជាក់ថា ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង ២លាននាក់ ក្នុងកំណើនជាង២៩១% ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង ២៣ម៉ឺននាក់ ក្នុងកំណើនជាង ១៧៦៣%។
នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំរបស់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ថោង ខុន ក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា រំពឹងថានឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណជាង២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ នៅឆ្នាំ២០២២នេះ។
រយៈពេល១០ខែឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាការថ្លែងបន្តរបស់ លោក ថោង ខុន។
លោក ថ្លែងបន្ថែមថា ក្នុងចំណោមទេសចរសរុបទាំង១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន ១,៦២៣,២០០នាក់ កើនឡើង ៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន ១៦៩,៣៤៩នាក់ កើនឡើង ២២២៤.៣០%។
បើតាមរបាយការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១.៥៧លាននាក់ កើនឡើង ៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង ១០.៨៦លាននាក់ កើនឡើង ២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
នៅក្នុងរបាយការណ៍ក្រសួងបានឱ្យដឹងទៀតថា ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែ ឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី ១៥-១៦ជើង ក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី១,៣០០នាក់ ទៅ១,៤០០នាក់ ក្នុង១ថ្ងៃ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបាននិយាយថា ចំពោះការធ្វើដំណើរតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ ៦០០-៧០០នាក់ក្នុង ១ថ្ងៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)