Register Already an agent ? Login

ត្រីមាសទី៣ ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន៥២ ទុនសរុបជាង ៤៦០លានដុល្លារ

ភ្នំពេញ៖ ត្រីមាស​ទី៣ ឆ្នាំ​២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងចំនួន៥២ ដែលមានទុនសរុប ៤៦០,៨ ​លាន​ដុល្លារ កើនឡើង ១៨,៤%។ បើតាមព្រឹត្តិបត្រ​ស្ថិតិរបស់ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់ថា ការ​កើន​​ឡើង​នេះ ដោយសារ​កំណើន​គម្រោង​វិនិយោគ​លើ​ការផលិត​បន្ទះ​សូ​ឡា​ សាងសង់​មន្ទីរពេទ្យ ដំឡើងរថយន្ត គម្រោង​អភិវឌ្ឍន៍​តាម​កោះ និង​ការ​ពង្រីក​គម្រោង​មួយចំនួនទៀត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​ការកើនឡើង​នេះ អាច​បណ្តាលមកពី​កត្តា​ច្រើនយ៉ាង​ដូចជា កំណើនសេដ្ឋកិច្ច​រឹងមាំ​ ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល​ ភូមិសាស្ត្រ​នៅ​កណ្តាល​តំបន់​ សម្បូរ​ធនធានធម្មជាតិ​ សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ​ មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ និង​ជាពិសេស​គឺ​កម្ពុជា​កិច្ចព្រមព្រៀង​ពា​​ណិ​ជ្ជ​កម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ជាច្រើន​។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

លោក ហុង វ​ណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា បានថ្លែងថា កម្ពុជា​កំពុង​ក្លាយជា​កន្លែង​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ចូលមក​បណ្ដាក់ទុន ដោយ​ការវិនិយោគ​នៅ​ទីនោះ​ក្រៅពី​មាន​កម្លាំង​ពលកម្ម​ជំនាញ​សម្បូរបែប និង​ច្បាប់​វិនិយោគ​អំណោយផល ក៏មាន​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​ធំៗ ជាច្រើន​ផងដែរ​។​

គូសបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​មួយចំនួន​បាន​ចូល​ជា​ធរមាន​រួចមកហើយ ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់ ​(RCEP) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​២០២២។

ជាមួយគ្នា ក៏មានកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី​១ ខែធ្នូ​ ឆ្នាំ២០២២ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ក៏​នឹងត្រូវ​បើក​កិច្ចចរចា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម «CAM-UAE CEPA» ពីថ្ងៃ​ទី​១៩-២១ ខែធ្នូ​ខាងមុខ​ផងដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)