Register Already an agent ? Login

កម្ពុជា-គូវ៉ែត ឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ កម្ពុជា និងកូវ៉ែតឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត។ បើតាមជំនួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជុំវិញយន្តការក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងលោក Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋគូវ៉ែតប្រចាំកម្ពុជា។

ជំនួបពិភាក្សានោះធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីទាំងបានបញ្ជាក់ថា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។

នាឱកាសនោះ លោក កឹម ស៊ីថន បានអបអរសាទរជូនចំពោះ Mohamad S SH S Alhajri ដែលលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតគូវ៉ែតប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក រដ្ឋលេខាធិការ បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជានិងគូវ៉ែតនឹងមានលទ្ធភាពបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សមស្របនឹងកម្រិតទំនាក់ទំនងការទូតដ៏ឧត្តុង្គឧត្ដមរបស់ប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans)។

ទន្ទឹមនឹងនោះ លោកទូត បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុទ្ធនានាឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងMoU ដែលមានស្រាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ លោក Mohamad បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចឆ្លើយតប រដ្ឋលេខាធិការប្រចាំការ បានបន្តជម្រាបជូនពីច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរួមមានព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។

ក្នុងន័យនេះ លោក កឹម ស៊ីថន បានលើកទឹកចិត្តវិនិយោគិនគូវ៉ែតឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជាដែលមានគុណភាពនិងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។

គួរបញ្ជាក់ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-គូវ៉ែត សម្រេចបានប្រមាណ ៦៤ម៉ឺនដុល្លារ គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ប៉ូលីមែរនៃអេទីឡែន កែវនិងវត្ថុធ្វើពីកែវ។-ល-៕

ដោយ៖ មឿន ឌីណា (Moeun Dyna)