ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ចំនួនសរុប ១,៥៧៥,៩៥៤នាក់ កើនឡើង ៩៩១.១% ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
នៅក្នុងរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖ ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើន ៧០៦.៦%,*ផ្លូវគោក ១,០០៥,៥៤៩នាក់ កើន ១២៤០.៤%,*ផ្លូវទឹក ១០,៤៨៧នាក់ កើន ៥២៤២៥០% ខណៈនៅឆ្នាំ២០២១ មានតែ២នាក់ប៉ុណ្ណោះ។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្តឱ្យដឹងទៀតថា ទីផ្សារទេសចរកំពូលទាំង១០ ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖
១.ថៃ ៥៩០,៩៨៤នាក់, ២.វៀតណាម ៣៤១,៩៥៣នាក់, ៣.ចិន ៧៥,៩១៥នាក់, ៤.សហរដ្ឋអាមេរិក ៦០,៩០៣នាក់, ៥.ឡាវ ៥៩,៣៦៨នាក់, ៦.ឥណ្ឌូណេស៊ី ៥៩,១២២នាក់, ៧.កូរ៉េខាងត្បូង ៤៣,១៧៨នាក់, ៨.ម៉ាឡេស៊ី ៤០,១៨៤នាក់, ៩.បារាំង ៣៧,១៥៣នាក់, ១០.ចក្រភពអង់គ្លេស ២៨,៥០៥នាក់។
ចំពោះ ភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន ៦៦១,០៧៣នាក់ កើនឡើង ៣២៧៦.៣% ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ដូចគ្នានេះ។
តាមរបាយការណ៍ដដែលបានបន្តទៀតថា ភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តក្នុងស្រុកមានចំនួន ៩,៤៧១,០៣៤នាក់ កើនឡើង ២០៩.៨% និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១,៣៨៤,៤៩៨នាក់ កើន ៦១៦.៧%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)